ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនា ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្ស

ភ្នំពេញ៖ លោក អុល វណ្ណដា បានលើកឡើងថា ឧទ្យានកម្សាន្ត ឈ្មោះ Angkor Wildlife & Aquarium ស្ថិតនៅខេត្តសៀមរាប បានប្រមូលម្តុំនូវពពួកមច្ឆាទឹក និងទឹកប្រៃ ពពួកល្មូន និងសត្វ ព្រៃជាច្រើនប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា បន្ទាប់ពីចូលទស្សនាប្រាង្គប្រាសាទនានានៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់ទេសចរណ៍ក្នុងសហគមន៍នានា ក្នុងខេត្តសៀមរាប។

នេះបើតាមការបញ្ជាក់ពីលោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅនៃឧទ្យាន្តកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន មកពី ៣០ស្ថាប័ន ដែលមានសារព័ត៌មានជាតិ និងអន្តរជាតិ ៤២នាក់ ដឹកានាំដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ។

លោកបន្តថា Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃប៉ុណ្ណោះនោះទេស ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្សពពួកសត្វដែលរងការគំរាមកំហែងផងដែរ។ ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ត្រូវវិនិយោគរួមគ្នារវាងពាណិជ្ជករជនជាតិខ្មែរ ជប៉ុន និងអាមេរិក លើផ្ទៃដីទំហំប្រមាណ១០០ហិកតា ស្ថិតក្នុងភូមិខ្ចាស់ ឃុំក្បូន ស្រុកសូតនិគមន៍ ខេត្តសៀមរាប ។

អ្នកគ្រប់គ្រងទូទៅនៃសួនកម្សាន្តនេះ បានឱ្យដឹងថា ក្នុងគម្រោងវិនិយោគជំហានទី១ មានទុន ៧០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១០០ហិកតា ប៉ុន្តែបច្ចុប្បន្ន ទើបធ្វើការអភិវឌ្ឍន៍បានចំនួន ១០ហិកតាប៉ុណ្ណោះ លើការរៀបចំសួន និងការប្រមូលមច្ឆជាតិ និងសត្វព្រៃមកទៅដាក់នៅទីនោះ ដើម្បីទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យចូលកម្សាន្តនៅទីនោះ ។

លោក អុល វណ្ណដា ថ្លែងថា ភ្ញៀវទេសចរមិនគួររំលងតំបន់ទេសចរណ៍មួយនេះនោះឡើយ ពេលធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ព្រោះថា វាជាកន្លែងប្រមូលម្តុំទៅដោយត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកល្មូន និងសត្វកម្រៗ មានដូចជា៖ ត្រីរាជ ត្រីគល់រាំង ប្រភេទត្រីនៅតំបន់អាម៉ាហ្សូន សត្វខ្លាធំ ក្រពើភ្នំ ភេ រញី ជាដើម ។ សត្វព្រៃមួយចំនួន នឹងត្រូវលែងឱ្យទៅរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ ក្រោយពីធ្វើការមើលថែ និងព្យាបាល ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា ចរន្តទេសចរទៅកាន់ខេត្តសៀមរាប នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ ក្រោយពីការខិតខំផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនមានដូចជាតំបន់ទេសចរណ៍វប្បធម៌ និងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ«ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន គ្រាដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលទាក់ទាញការវិនិយោគ និងទេសចរមកពីគ្រប់តំបន់៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner