Sabay និង Major Cineplex រួមគ្នា បង្កើតកម្មវិធីសប្បុរសធម៌ផ្តល់ឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»

(ភ្នំពេញ)៖ ក្រុមហ៊ុន Sabay digital សហការគ្នាជាមួយ Major Cineplex by smart បានបង្កើតនូវកម្មវិធីសប្បុរសធម៌ផ្តល់ឈាមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងត្រូវការឈាមដើម្បីសង្រ្គោះជីវិត ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»។ កម្មវិធី បរិច្ចាគឈាម ធ្វើឡើង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅ រោងភាពយន្ត Major Cineplex សាខាអ៊ីអន១ ដោយ នឹងមានការចូលរួម ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំង២ ដែល តែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ។

លោកស្រី Karen Castaneda នាយកគ្រប់គ្រង ក្រុមហ៊ុនមេជើរ ស៊ីនេផ្លិច ខេមបូឌា បានលើកឡើងថា កម្មវិធីបរិច្ចាកឈាមនេះ ធ្វើឡើងជាលើកទី៣ ដើម្បីចូលរួមជួយការងារសង្គម ជាមួយនិងបុគ្គលិក ដៃគូពាណិជ្ជកម្ម ក៏ដូចជាសប្បុរសជន អតិថិជន តាមរយៈការបរិច្ចាកឈាម ដើម្បីចែករំលែកការស្រលាញ់ទៅមនុស្សគ្រប់គ្នា។

លោកស្រី គូសបញ្ជាក់បន្តថា ការបរិច្ចាកឈាម មានអត្ថប្រយោជន៍ច្រើន ដោយបន្ទាប់ពីការបរិច្ចាក ឈាមហើយ ចរន្តឈាម មានការផ្លាស់ប្តូរ ដែលជាការល្អបំផុត៦ខែម្តង ។ ការបរិច្ចាគឈាមគឺយើងអាចជួយសង្រ្គោះអាយុជីវិតមនុស្សដែលមានតំរូវការឈាមបន្ទាន់ រហូតដល់៣នាក់ ហើយមជ្ឈមណ្ឌលបរិច្ចាកឈាម ក៏ខ្វះខាតឈាមដែរ រាល់ពេលដែលគេត្រូវការឈាមបន្ទាន់ៗ ងាយស្រួលនៅក្នុងការជួយគ្នាទៅវិញទៅមក ដែលហេតុផលនេះហើយ តម្រូវឱ្យយើងចូលរួមបរិច្ចាគឈាមដោតស្ម័គ្រចិត្តទាំងអស់គ្នា ។

សូមជម្រាប ថា ការបរិច្ចាគឈាម មានគោលដៅធំៗសំខាន់ចំនួន២គឺ៖
១. បង្កើតទម្លាប់នឹងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញ លើកកម្ពស់ ឲ្យយុវជន ប្រជាជន ទូទៅ ចូលរួម ធ្វើសកម្មភាព ជាមួយ សេវាកម្មជាតិ ផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬ សាសនា ប្រកបដោយស្នាមញញឹម ។
២. ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អ ប្រពៃក្នុងសង្គម ។ លើសពីនោះ ជារៀងរាល់ថ្ងៃមានអ្នកជំងឺជាច្រើនបានស្រែកដង្ហើយហៅការបរិច្ចាគដោយស្ម័គ្រចិត្ត ពីប្អូនប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអាយុជីវិតដ៏មានតម្លៃសម្រាប់ពួកគេ ។

បើតាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយក មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បាន ថ្លែងកាលពីពេលថ្មីៗនេះថា ជារៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ហើយតម្រូវការប្រចាំថ្ងៃ មានចន្លោះពី៣០០ទៅទៅ៤០០ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមាន ចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតពន្យល់ថា ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ មានទំាង ផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ថែមលើនោះ អ្នកនឹងដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ។ល។ ក្នុងនោះការធ្វើតេស្តឈាមត្រូវបានរក្សាការសម្ងាត់ និងមិន គិតថ្លៃឡើយ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner