កសិដ្ឋានវៃឆ្លាតដាំពោតប្រើបច្ចេកវិទ្យាទំនើបបង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប

ភ្នំពេញ៖ កសិដ្ឋានវៃឆ្លាតដាំដំណាំពោតដោយការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយមិនធ្លាប់មាននៅកម្ពុជា បានបង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប។ ដាំដុះនៅលើផ្ទៃដី ១០០០ហិកតា ជាមួយ ទុនវិនិយោគ ៤លាន៥សែន ដុល្លារអាមេរិក កសិដ្ឋាននេះស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង។
 
កសិដ្ឋានដែលបោះទុនរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងបរទេសនេះ ប្រើប្រព័ន្ធស្រោចស្រពដែលអាចផ្លាស់ទីបាន។ ប្រព័ន្ធនេះបាញ់ទឹកទៅក្នុងលំហ មុននឹងបាចសាចធ្លាក់ចុះមកលើដំណាំដែលមានសណ្ឋានប្រហាក់ប្រហែលនឹងទឹកភ្លៀងធម្មជាតិ។ វាត្រូវបានបញ្ជាដោយបច្ចេកវិទ្យាជាច្រើនរួមបញ្ចូលគ្នា រួមទាំងឧបករណ៍ចាប់សញ្ញា និង សុសវែរ(Software )សម្រាប់ការគ្រប់គ្រងលំហូរទឹកដែលអាចបង្កើនប្រសិទ្ធភាពការប្រើប្រាស់ទឹក បង្កើនទិន្នផលដំណាំ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
 
លោក Benjamine Bootle នាយកគ្រប់គ្រងក្រុមហ៊ុន AG AGRIBUSINESS ASIA ដែលបានរួមទុនវិនិយោគជាមួយ ក្រុមហ៊ុនខ្មែរ ING Holdings ដើម្បីបង្កើនកសិដ្ឋាននេះ លោកនិយាយថា នេះជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ លោក Benjamine អះអាងថា ឧបករណ៍ និងប្រព័ន្ធវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផល កើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។ កសិកដ្ឋាននេះ នឹង ចាប់ ផ្តើម ដាំពោតចាប់ពីខែមីនានេះទៅ ដោយជំហានដំបូងផ្តល់ការងារដល់សហគមន៍ប្រហែល៥០នាក់ប៉ុណ្ណោះ ដោយសារតែការដាំដុះ ប្រើ បច្ចេកវិទ្យា ច្រើន ជាង កម្លាំងមនុស្ស។
 
លោក អ៊ឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាបសង្ឃឹមថា ក្រុមហ៊ុននឹងពង្រីកការវិនិយោគបន្ថែមនៅទូទាំងប្រទេសកម្ពុជា ដើ ម្បី រួម ចំណែ កបង្កើនកា រ ងារ និងមុខរបរដល់ ប្រជាជនក្នុងមូលដ្ឋាន។
 
គួរសម្គាល់ថា កសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វិស័យនេះបានរួមចំណែកប្រហែល ២២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២៣។ប៉ុន្តែ នៅចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាវិស័យនេះប្រឈមនឹងបញ្ហាមួយចំនួនដែលពិបាកប្រកួតប្រជែងទីផ្សារអន្តរជាតិ ក្នុងនោះរួមទាំងបញ្ហា បច្ចេកទេស ដើមទុន ជាពិសេសកម្ចីមានអត្រាខ្ពស់ ប្រភពទឹកមិនគ្រប់គ្រាន់នៅរដូវប្រាំង បញ្ហាទីផ្សារដែលពឹងផ្អែកលើឈ្មួញខ្លាំងពេក និងអគ្គិសនីដែលមានតម្លៃខ្ពស់ពេក បើធៀបនឹងប្រទេសជិតខាងជាដើម។ នេះបើយោងតាម លោក សុខ សុថា ប្រធានប្រតិបត្តិនៃសមាគមសហព័ន្ធ កសិករកម្ពុជានៃ អ្នក ផលិត កសិកម្ម។ យ៉ាងណាក៏ដោយ លោកសង្ឃឹមថា ការជ្រៀតចូលនៃបច្ចេកវិទ្យាទំនើបក្នុងដំណាំពោតនាពេលនេះ នឹងទាក់ទាញការវិនិយោគសម្រាប់ដំណាំផ្សេងទៀតដែលនឹងផ្តល់ចំណេះដឹងបច្ចេកវិទ្យាដល់កសិករខ្មែរ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner