ត្បូងថ្លៃបំផុត មួយគ្រាប់ជិត២០ម៉ឺនដុល្លារ មាននៅខេត្តរតនគិរី

ភ្នំពេញៈនៅខេត្តរតនគិរី មានត្បូងល្អប្រណិតចំនួន៥ប្រភេទដែលថ្លៃមិនចាញ់ពេជ្រ។ ត្បូងដែលថ្លៃជាងគេគឺត្បូងទទឹម, ត្បូងកណ្តៀង, ត្បូងប៊ុត និងត្បូងបឹងកាចាក់ ដែលមានពន្លឺ រូបរាង និងទឹកល្អស្អាតឥតខ្ចោះ និងរឹងធន់ ថែមទៀតផង។ ត្បូងទាំងនេះ ជាប្រភេទត្បូងកម្រ។
លោក ជា  វុទ្ធី  ម្ចាស់ហាង VT GEMSTONE លក់គ្រឿងអលង្ការ និងត្បូងធម្មជាតិ បានប្រាប់ទូរទស្សន៍អប្សរាថា ត្បូងទទឹមដែលអ្នកខ្លះហៅថាត្បូង ruby ទំហំ ១០ការ៉ាត់ មានតម្លៃចន្លោះពី១០ម៉ឺនដុល្លារ ទៅជិត ២០ម៉ឺនដុល្លារ ទៅតាមភាពស្រស់ស្អាតនៃត្បូង។ ដោយឡែក ត្បូងកណ្តៀង ១០ការ៉ាត់ មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ។
ត្បូងមួយប្រភេទទៀត ដែលកំពុងពេញនិយម និងនៅមានច្រើនគួរសមនៅខេត្តរតនគិរី គឺ ត្បូងរតនគិរី ដែលស្ថិតនៅកប់ក្នុងជម្រៅដីជាង១០ម៉ែត្រឯណោះ។ ត្បូងប្រភេទនេះ ទំហំ ១០ការ៉ាត់ មានតម្លៃចាប់ពីជាង ១ពាន់ដុល្លារឡើងទៅ។
ក្រៅពីរតនគិរី កំណប់ត្បូងរបស់កម្ពុជា មាននៅខេត្ត ប៉ៃលិន  មណ្ឌលគិរី  កំពង់ធំ  តាកែវ និងខេត្តព្រះវិហារ ផងដែរ។ អ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលក្នុងវិស័យគ្រឿងអលង្ការ ដែលអាចដើរតួសំខាន់មួយក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារអន្ដរជាតិមានទំហំទឹកប្រាក់សរុបជាង ៨៥០លានដុល្លារ កើន ២៦០% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។
 
ទោះយ៉ាងណា បើធៀបនឹងប្រទេសជិតខាង វិស័យត្បូងនៅកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារកម្ពុជា មិនទាន់ មានសាលាបណ្តុះបណ្តាល ឬមហាវិទ្យាល័យសិក្សាអំពីប្រភេទត្បូង ឡើយ ជាពិសេស ទៅលើបច្ចេក ទេសដុត និងកែច្នៃ។ បច្ចេកទេសដុត និងកែច្នៃត្បូងនៅកម្ពុជា ភាគច្រើនចេះតគ្នា ឬធ្វើតាមទំនៀមទម្លាប់បុរាណ ដែលមិនទាន់ ត្រូវតាមស្តង់ដារទីផ្សារក្រៅស្រុក៕
 
 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner