បង្ហាញឈ្មោះអាជីវកម្មកម្ចីអនឡាញ ក្រសួងពាណិជ្ជកម្មថាប្រយ័ត្នចាញ់បោក

ភ្នំពេញៈ​​ ក្រសួងពាណិជ្ជកម្មបានទម្លាយឈ្មោះអាជីវកម្មកម្ចីអនឡាញមួយឈ្មោះថា កម្ពុជាកម្ចីរហ័ស និងព្រមានថា ប្រយ័ត្នចាញ់បោកក្រុមឈ្មួញខុសច្បាប់នេះ។ ការព្រមានរបស់ក្រសួងពាណិជ្ជកម្មធ្វើឡើងក្រោយក្រសួងទទួលបានពាក្យបណ្តឹងពីសាធារណជនជាច្រើនក្នុងករណីចាញ់បោក។

ក្រសួងពាណិជ្ជកម្មថា កម្ពុជាកម្ចីរហ័សនេះ ពុំបានចុះបញ្ជីនៅក្រសួងទេ ហើយបានផ្សព្វផ្សាយភូតភរពលរដ្ឋ និងបានយកនិមិត្តសញ្ញារបស់ក្រសួងប្រើប្រាស់ក្នុងការអាជីវកម្មរបស់ខ្លួនផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាឲ្យម្ចាស់អាជីវកម្មនេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបោកប្រាស់នេះ។
ធនាគារជាតិនៃកម្ពុជា ធ្លាប់បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ តែធ្វើសកម្មភាពក្នុងការផ្ដល់ឥណទាន តែគេសង្កេតឃើញថា អាជីវកម្មក្នុងរូបភាពបែបនេះ កំពុងបន្តចរាចរនៅលើបណ្តាញសង្គមដោយគ្មានក្តីបារម្ភ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើកម្ចីក្រៅ ប្រព័ន្ធខុសគោលការណ៍ បង្កភាពអនាធិបតេយ្យ និងមានការគំរាមកំហែងបណ្តាល ឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ បញ្ហាទាំងអស់នេះ កើតឡើងដោយសារតែពលរដ្ឋខ្លះ អស់ជម្រើសមានតម្រូវការប្រាក់ជាបន្ទាន់ ដើម្បីដោះបន្ទុក។
លោក គី សេរីវឌ្ឍន៍ និយាយថា ដើម្បីទប់ស្កាត់បញ្ហានេះបាន គឺត្រូវបិទបញ្ចប់មុខរបរទាំងនេះ និងត្រូវប្រកាសជាសាធារណៈថា ប្រសិនបើករណីកម្ចីប្រាក់ក្រៅប្រព័ន្ធ អ្នកខ្ចី មិនចាំបាច់សង ហើយការគំរាមកំហែងគឺជាទោសព្រហ្មទណ្ឌ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា មានពលរដ្ឋមួយចំនួនបាន ធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក ដោយសារតែកម្ចីទាំងនោះមានអត្រាការប្រាក់ខ្ពស់។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការប្រាក់ គួរប្រើប្រាស់ កម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំឱ្យមានបញ្ហា ឬការគំរាមកំហែងផ្សេងៗ៕
 ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner