នៅថ្ងៃទី១ មេសា៖ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ (Logo) និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ គ.ជ.ប នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ Logo និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ រសៀល នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប (ជាន់ទី៧) ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប។ សូមជម្រាបថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។ គណបក្សនយោបាយទាំង ៥ មានដូចជាៈ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សហ៊្វុនស៊ិនប៉ិច៕
ដោយ៖ពលជ័យ

ads banner