ថៃប្រើបច្ចេកទេសហូឡង់ ដោះស្រាយបញ្ហាសំរាមក្នុងទន្លេ

គម្រោងហូឡង់ Ocean Cleanup បានចាប់ផ្តើម នៅលើដងទន្លេ Chao Phraya នៃទីក្រុងបាងកក ហើយវាត្រូវបានគេហៅថា «ឧបករណ៍ស្ទាក់ចាប់ផ្លាស្ទិក» ដោះស្រាយបញ្ហាសំរាម ក្នុងទឹកទន្លេ។

គម្រោង Ocean Cleanup សំដៅលើកប៉ាល់ដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រើចរន្តទឹកទន្លេ ដើម្បីប្រមូលកាកសំណល់ប្លាស្ទិក។ សំរាមប្រមូលបាន ត្រូវបានដាក់ក្នុងចំណុះពណ៌ខៀវមួយ រួចបញ្ជូនបន្តទៅកាន់ច្រាំង ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន យកចេញពីទឹក ដោយងាយស្រួល។

Ocean Cleanup គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលត្រូវបានបង្កើតឡើង ដោយយុវជន Boyan Slat ជាជនជាតិហូឡង់ ក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលុបបំបាត់ការបំពុលប្លាស្ទីក ចេញពីទឹក ហើយជាផ្នែកមួយ នៃការទប់ស្កាត់ កាកសំណល់សំយោគ មិនឱ្យទៅដល់មហាសមុទ្រ។

យុវជន Slat បានប្រាប់ AFP កាលពីថ្ងៃពុធថា ទន្លេ Chao Prayo គឺជាប្រភពដ៏ធំបំផុតតែមួយគត់ នៃការបំពុលប្លាស្ទិក សម្រាប់ឈូងសមុទ្រថៃ ។ លោកបានបន្តថា ឈូងសមុទ្រថៃពិតជាមានសារៈសំខាន់ខ្លាំង ខាងអេកូឡូស៊ី ប៉ុន្តែ ក៏ជាប្រភពសេដ្ឋកិច្ចសំខាន់ខ្លាំងដែរ សំដៅលើទេសចរណ៍ និងការនេសាទ។

លោស្រី Penchom Saetang មកពីក្រុមបរិស្ថាន EARTH Thailand បានប្រាប់ AFP ថា ការប្រមូលយកផ្លាស្ទិកចេញពីទន្លេមានសារៈសំខាន់ ដើម្បីអាចយកជាតិពុលគីមី ចេញពីក្នុងទឹក ហើយវាក៏ជាកត្តាសំខាន់ ក្នុងការស្តារទន្លេឡើងវិញដែរ»។

ថៃកំពុងអនុវត្តគម្រោងនេះ ប្រហែលជា ២ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ការបំពុល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner