ស្ពានអាកាស “មរតកតេជោ” ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះតទៅ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ បានចេញសេចក្តី ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់ ។

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះ អាសន្ននូវស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner