សមាគមទេសចរណ៍កម្ពុជា និងក្រេឌីត ប្យួរ៉ូ ខេមបូឌា ពង្រីកចំណេះដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

សៀមរាប៖ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលានៅខេត្តសៀមរាប នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងរង្វាយតម្លៃឥណទាន ក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍។

ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីដ១៩។ ក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាប សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។ សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ប្រមាណ ១០០ មកពីខេត្តសៀមរាប បានចូលរួមសិក្ខាសាលានេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ បានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹង និងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ លោកបន្ថែមថា ដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់យើង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

នៅពេលដែលបុគ្គល ឬអាជីវកម្មស្នើសុំប្រាក់កម្ចី អ្នកផ្តល់ប្រាក់កម្ចីគ្រប់រូបត្រូវពិនិត្យមើលប្រវត្តិឥណទានរបស់ខ្លួនពីក្រុមហ៊ុន ស៊ីប៊ីស៊ី។ សេវាកម្មរបស់ ស៊ីប៊ីស៊ី នឹងជួយបុគ្គល និងអាជីវកម្មទទួលបានប្រាក់កម្ចីដោយផ្តល់ព័ត៌មានសំខាន់ៗអំពីទម្រង់ឥណទានរបស់ពួកគេ ដែលជួយស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់កម្ចីអាចធ្វើការវាយតម្លៃ ក៏ដូចជាធ្វើការសម្រេចចិត្តផ្តល់ប្រាក់កម្ចីបានលឿន និងត្រឹមត្រូវជាងមុន។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា “ទិន្នន័យពី ស៊ីប៊ីស៊ី បង្ហាញថាគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ ពាន់លានដុល្លារត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសដែលស្មើនឹង ១២.៦៨% នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍បានផ្តល់ទៅឱ្យប្រជាជន នៅក្នុងខេត្តសៀមរាបដែលបានស្នើប្រាក់កម្ចី។ ប្រសិនបើយើងក្រឡេកមើលទិដ្ឋភាពឥណទានដ៏ទូលំទូលាយនៅក្នុងខេត្តសៀមរាប យើងអាចមើលឃើញថា ឥណទានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដោយសារសមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូចបានកើនឡើង ៥២% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នស្មើនឹង ៧៣.៣៥% នៃប្រាក់កម្ចីសរុបនៅខេត្តសៀមរាប។ អាស្រ័យហេតុនេះ ស៊ីប៊ីស៊ី ប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទានដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេសយើង។”

សមាគមទេសចរណ៍កម្ពុជា (CATA) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួន ដើម្បីពង្រីកចំណេះដឹង ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក។ មុនពេលជំងឺរាតត្បាត កូវីទ១៩ វិស័យទេសចរណ៍បានរួមចំណែកដល់ ១៨.២% នៃផលិតផលជាតិក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីវិបត្តិ កូវីទ១៩ សិក្ខាសាលានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំសហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់ សមាគមទេសចរណ៍កម្ពុជា សម្រាប់ការទទួលបានប្រាក់កម្ចីសម្រាប់ផ្តល់ហិរញ្ញប្បទានដល់កំណើនប្រតិបត្តិការរបស់សមាជិក។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា “យើងបានរៀបចំសិក្ខាសាលានេះ ដើម្បីផ្តល់ជាវេទិកាមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់យើង ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេលើរបាយការណ៍ឥណទាន និងរបៀបដែលវាប៉ះពាល់ដល់លទ្ធភាពទទួលបានប្រាក់កម្ចីរបស់សមាជិករបស់យើង។ វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាមួយវិស័យហិរញ្ញវត្ថុ សមាគមនធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាច សម្រេចបាននូវកំណើនក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។» ក្នុងកម្មវិធីសិក្ខាសាលានេះ សហគ្រាសធុនតូច និងមធ្យមដែលចូលរួមក៏មានឱកាសសាកល្បងទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទស៊ីប៊ីស៊ី និងពិនិត្យមើលរបាយការណ៍ឥណទានឥតគិតថ្លៃ។ វាជាសិទ្ធិរបស់បុគ្គល និងអាជីវកម្មគ្រប់រូបក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេដោយមិនគិតថ្លៃម្តងក្នុងមួយឆ្នាំ។ ស្ថាប័នហិរញ្ញវត្ថុតែងតែ ពិនិត្យមើលរបាយការណ៍ឥណទានរបស់អ្នកស្នើឥណទានមុនពេលធ្វើការសម្រេចចិត្ត ដូចនេះវាពិតជាសំខាន់ណាស់ដែលលោកអ្នកតាមដាន និងពិនិត្យមើលរបាយការណ៍ឥណទានពីរទៅបីដងក្នុងមួយឆ្នាំ។ ក្នុងសិក្ខាសាលានេះ សហគ្រិនក្នុងស្រុក និងថ្នាក់ដឹកនាំបានចែករំលែកទស្សនៈរបស់ពួកគេអំពីស្ថានភាពអាជីវកម្មទេសចរណ៍ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅពេលស្នើឥណទាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ធនាគារ ស្ថាបនា ក៏បានចូលរួមផងដែរ ក្នុងការផ្តល់គន្លឹះ និងការប្រឹក្សាយោបល់ដែលអាចជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner