ក្រសួងការបរទេសបើកសន្និបាតបូកសរុបលទ្ធផលការងារ ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ»

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបង្ហាញថា លទ្ធផលការងារឆ្នាំ២០២៣ អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣   លើសមរភូមិការទូត  ដោយផ្ដោតជាចម្បងលើការងារធំៗទាំង ៥។ 

ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ  ទទួលបានជោគជ័យក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជាការចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋ ខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម  ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។

ការងារទី២  គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានសម្រេចដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។ 

ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅជាតួអង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។  

ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្ដែង សៀវភៅកេរដំណែលម្ហូបខ្មែរ – The Taste of Angkor ដែលបានបោះពុម្ព ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់ពីការឈ្នះពានរង្វាន់  Best Asian Cookbook និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។ 

ការងារទី៥ គឺការបន្តការដ្ឋាន កំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង។ ក្រសួងបានពង្រឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិវិធីរដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរ        តួនាទីដ៏ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ  និងកិត្យានុភាពជាតិ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner