មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ៖ យាន្តដ្ឋាន Doctor HIKARI ដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន

(ភ្នំពេញ)៖ យាន្តដ្ឋាន Doctor HIKARI និង ការកែលម្អរោងជាងជួសជុលរថយន្ត គឺជាសមិទ្ធិផលថ្មីមួយដែលកើតឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន និងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាម សិស្ស និស្សិតកំពុងសិក្សាជំនាញនេះឱ្យកាន់តែមានប្រសិទ្ធិភាព ខណៈរោងជាងថ្មីនេះមានបំពាក់ទៅដោយឧបករណ៍ទំនើបជាងច្រើន ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការសិក្សាស្វែងយល់ ។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

គួរបញ្ជាក់ថា យាន្តដ្ឋាន Doctor HIKARI បានដាក់សម្ពោធជាផ្លូវការនៅក្នុងវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) នាសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន កោតសរសើរខ្ពស់ចំពោះវត្តមានយានដ្ឋានថ្មីនេះ និងស្នើឱ្យភាគីទាំងពីរគប្បីមានទំនាក់ទំនងកាន់តែប្រសើរ ដើម្បីគាំទ្រដល់វិស័យមេកានិចរថយន្តឱ្យបានយូរអង្វែង និងកាន់តែទូលំទូលាយ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ប្រកបដោយសមត្ថភាព និងភាពប្រកួតប្រជែងខ្ពស់។

លោក Ryo Shoji អ្នកគ្រប់គ្រងទូទៅនៅយានដ្ឋាន Doctor HIKARI នេះ មិនត្រឹមតែផ្តល់សេវាកម្មជួសជុលរថយន្តដែលមានគុណភាពផ្តល់ជូនដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជួយបង្រៀនដល់សិស្សនៅក្នុងវិទ្យាស្ថាននេះថែមទៀត ដើម្បីឱ្យពួកគេអាចទៅធ្វើការនៅប្រទេសជប៉ុនបានងាយស្រួល និងយល់ដឹងពីការប្រើប្រាស់សម្ភារៈជួសជុលឱ្យស្របទៅតាមស្តង់ដាររបស់ប្រទេសជប៉ុន។

លោកថា យានដ្ឋាននេះ មានលក្ខណៈពិសេសជាច្រើន ដែលក្រុមជាងជួសជុលសុទ្ធតែមានបទពិសោធន៍ច្រើនឆ្នាំ និងអាចមានសមត្ថភាពជួសជុលរថយន្តដែលខូចខាតគ្រប់ស្ថានភាពផងដែរ។

លោកបានលើកឡើងថា Doctor HIKARI បានចូលរួមផ្តល់ជាមូលដ្ឋានគ្រឹះនៃវិស័យយានយន្តនៅកម្ពុជា ដោយយាន្តដាននេះបានបំពាក់នូវឧបករណ៍ពិនិត្យបែបទំនើប ក្នុងការថែទាំ និងជួសជុលយានយន្ត ព្រមទាំងនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់ជំនាញបច្ចេកទេសទំនើបនេះដល់សិស្សានុសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្តនៅក្នុងវិទ្យាស្ថាន ហ្ស៊ី វ៉េ សេ ផ្ទាល់ ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ពួកគេ និងអាចផ្តល់ឱកាសឱ្យពួកគេងាយស្រួលក្នុងការចេញទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ខណៈការអនុវត្តជាក់ស្តែងរបស់ពួកគេពីយានដ្ឋាននេះ គឺស្របទៅតាមស្តង់ដារជប៉ុនទាំងអស់។

សូមបញ្ជាក់ដែរថា យានដ្ឋាន Doctor HIKARI នេះគឺជាកិច្ចសហការគ្នារវាងវិទ្យាស្ថាន ហ្ស៊ី វ៉េ សេ ជាមួយក្រុមហ៊ុនឯកជនជប៉ុន Hikari Jidosha ក្នុងគោលបំណងផ្តល់បទពិសោធន៍ថ្មី ពង្រឹងជំនាញមេកានិចរថយន្ត និងត្រួសត្រាយផ្លូវសម្រាប់សិក្ខាកាម សិស្ស និស្សិតកំពុងរៀនជំនាញនេះ ឱ្យកាន់តែទទួលបានបទពិសោធន៍បែបស្តង់ដារសម្រាប់វិជ្ជាជីវៈជួសជុលរថយន្តនេះ។ ក្រុមហ៊ុន Hikari Jidosha នេះ គឺជាក្រុមហ៊ុនរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Chiba ក្បែរទីក្រុង Narita ប្រទេសជប៉ុន និងមានជំនាញ បទពិសោធន៍ក្នុងការត្រួតពិនិត្យយានយន្ត ការថែទាំ និងសេវាធានារ៉ាប់រងយានយន្ត។ ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ និងមានអាយុកាលជាង ៥០ឆ្នាំហើយមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តក្នុងការបំពេញតម្រូវការជូនអតិថិជន ឱ្យស្របតាមតម្រូវការចម្រុះនៃឧស្សាហកម្មរថយន្តដែលកំពុងរីកចម្រើនឥតឈប់ឈរនាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner