អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនគណបក្សក្រុងល្វាឯម ជាតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលកំពុងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យ ហ៊ុន សែន ល្វាសស្ថិត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ៥ខែ មេសាឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

 ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។

ឯកឧត្តម ជាប ដាវុធ បានបញ្ជាក់ថាឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះឈ្នះ ដែលមានរយៈពេល ២៦ ឆ្នាំ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បាន និង កំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន ។

ឯកឧត្តម ជាប ដាវុធ បានគូសរំលេចនូវស្នាដៃ និង សមិទ្ធផលការងារធំៗមួយចំនួន របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី រួមមាន ៖ ការដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវ របៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ ។

នៅក្នុងឱកាសអបអរសាទរពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យហ៊ុនសែនល្វាស ឯកឧត្តមជាប ដាវុធ បាន ឧបត្ថម្ភ សម្រាប់រៀបចំកម្មវិធី ៤លានរៀល  លោកគ្រូអ្នកគ្រូ ៣៩នាក់ ម្នាក់ ៣ម៉ឺនរៀល ស្តង់ពិព័ណ៍សិស្ស ១៨ស្តង់ ក្នុង ១ស្តង់ ១០ម៉ឺនរៀល ក្នុងនោះដែរ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក បានឧបត្ថម្ភ អ្នកគ្រូ  និងគ្រូចូលនិវត្តន៍ ២០នាក់ ម្នាក់សំពត់សឹង ១ និងថវិកា ៣ម៉ឺនរៀល  កម្លាំងការពារ ២៥នាក់ ម្នាក់ ២ម៉ឺនរៀល និងចំណាយផ្សេងៗ ១លាន ៥សែនរៀល ៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner