សាលារៀន អារីហ្សន សាខាខេត្តសៀមរាប ប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំស្ថាប័នអេជី និងសិស្សពូកែជ័យលាភី

សៀមរាប៖ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប កាលពីថ្ងៃសៅរ៍បានប្រារព្ធពិធីប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំស្ថាប័ន អេជី និងសិស្សពូកែជ័យលាភីចំណាត់ថ្នាក់លេខ១-៣ ប្រចាំឆមាសត្រីទី១ ឆ្នាំសិក្សា ២០២៣-២០២៤ ដែលមានសិស្សសរុបចំនួន ១៧៦០ នាក់ ។ក្នុងនោះសិស្ស ចំនួន ៩៨៦ នាក់ក្នុងឆមាសទី១ ឆ្នាំសិក្សា ២០២៣-២០២៤ ដែលទទួលបានជ័យលាភី។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងគណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក លោក-លោកស្រី ជាភ្ញៀវកិត្តិយសព្រមទាំងមាតាបិតាឬអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ផងដែរ។
លោក ម៉ី ភារិទ្ធ នាយកសាលារៀន អារីហ្សន ( ARIZON SCHOOL) សាខាខេត្តសៀមរាប បានបង្ហាញថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី បានធ្វើឳ្យមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពីស្ថាប័ននានាជាដៃគូជា ពិសេសបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងពីសំណាក់មាតាបិតា សហគមន៍ជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សាកន្លងមក សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានយកចិត្តទុកដាក់ ពង្រឹង និងជំរុញលើវិន័យសណ្តាប់ធ្នាប់ក្រមសីលធម៌រស់នៅបានយ៉ាងល្អដោយផ្តោតទៅលើវិជ្ជាទាំង៣ គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលធ្វើឲ្យកូនៗសិស្សានុសិស្សទទួលបាននូវលទ្ធផលដ៏ប្រសើរជាមួយកម្មវិធីសិក្សា (STEM) ដែលជាកម្មវិធីសិក្សាតាមបែប ឌីជីថល(Digital )នាសម័យបច្ចេកវិទ្យា៤.0 ដោយបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ផងដែរ។
លោក បានបន្តថា ដោយសិស្សានុសិស្សគ្រប់រូបចាប់ពីកម្រិតមត្តេយ្យរហូតដល់ថ្នាក់ទី១២ត្រូវបានទទួលនូវការបណ្តុះបណ្តាលបំពាក់បំប៉ននូវចំណេះដឹងទូទៅគ្រប់កម្រិតនិងគ្រប់លំដាប់ថ្នាក់បានល្អប្រសើរគួរជាទីមោទនៈ។ ជាក់ស្តែងក្នុងឆ្នាំសិក្សាកន្លងមកសិស្សានុសិស្សនៃសាលារៀន អារីហ្សូន បានសិក្សាកម្មវិធីសិក្សា ៣ភាសា ក្នុងពេលតែមួយ គឺចំណេះទូទៅភាសាខ្មែរ (កម្មវិធីសិក្សាសិង្ហបុរី) និងភាសាចិនដែលមានសិស្សជាច្រើន។

ចំណែកលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានលើកឡើងថា ការចែកវិញ្ញាបនបត្រដល់សិស្សានុសិស្សនៅសាលាអារីហ្សូននេះ ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិតជាមានសេចក្ដីរីករាយនិងអបអរសាទរទៅកាន់សិស្សានុសិស្សនិងអាណាព្យាបាលគ្រប់រូប ។លោកបន្តថា វិស័យអប់អំក្នុងខេត្តសៀមរាប គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់ទៀតថា អ្វីៗដែលជួយផ្ដល់និងជំរុញដល់កិច្ចការងារឱ្យទទួលបានសមិទ្ធផលល្អប្រសើរចំពោះក្មួយៗ ក៏ដូចជាតំណាងអាណាព្យាបាលគឺវាផ្ដើមចេញពីអ្វីដែលជាបទពិសោធន៍ក្នុងការគាំទ្ររបស់មាតាបិតា,ផ្ដើមចេញពីការយកចិត្តទុកដាក់របស់សាលារៀន,ផ្ដើមចេញពីអ្វីដែលជាការចូលរួមចំណែកទាំងអស់គ្នា ទើបអាចប្រព្រឹត្តទៅបានល្អ៕

ដោយៈស៊ាន សុផាត

ads banner