រដ្ឋបាលខេត្តសៀមរាបសូត្រមន្ត និងរាប់បាត្រទទួលទេវតាឆ្នាំថ្មី

សៀមរាប៖ រដ្ឋបាលសាលាខេត្តសៀមរាប កាលពីចុងសប្ដាហ៍បានប្រារព្ធពិធីសូត្រមន្ត ទទួលអំណរទេវតាឆ្នាំថ្មី 
ដោយមានការចូលរួមពីឯកឧត្តម អ៊ាន ឃុន  ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលខេត្ត។

សូមជម្រាបថា ក្នុងឱកាសចូលឆ្នាំនេះ រដ្ឋបាលខេត្ត  សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំនូវ ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត  នៅតាមដងស្ទឹងសៀមរាបពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីញ៉ាំងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមហោឡារិកដើម្បីបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ចូលមកទស្សនាខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា «ទស្សនាសៀមរាបឆ្នាំ២០២៤» ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថាការរៀបចំសៀមរាបសង្ក្រាន្ត នៅឆ្នាំ២០២៤ មានរយៈពេល៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅតាមផ្លូវសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។ ព្រឹត្តិការណ៍នេះនឹងមានរួមបញ្ចូលនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ, ការជិះទូកលេងតាមដងស្ទឹង ,ការវាយកូនហ្គោលសៀមរាបសង្ក្រាន្ត ,ការតាំងពិព័រណ៍ម្ហូបអាហារ ,ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រីជាដើម៕ 


ដោយៈស៊ាន សុផាត

ads banner