ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោកន្លងទៅ និងសម្តេចធិបតីនាពេលនេះ បានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម មានវាសនាបានមកធ្វើជាអ្នកការទូតនៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរ គឺមានទំនាក់ទំនងដ៏យូរលង់ជាពិសេសទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា។ ចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ១៩៥៥មក គឺយើងបានខិតខំរក្សាទំនាក់ទំនងនេះ ហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើងក៏ជាប្រទេសជាសមាជិកអាស៊ានដូចគ្នា ហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរសម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានដែលបានខិតខំប្រឹងប្រែង ជាពិសេសគឺការចូល រួមគាំទ្រ និងការពារមីយ៉ាន់ម៉ា រហូតសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចការងារផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ា គោលបំណងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាថា ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោក ឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើសុំអនុសាសន៍របស់សម្តេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ឯកឧត្តម ក៏បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូនសម្តេចតេជោថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឱ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។ ឯកឧត្តមក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ខាងមុខនេះ ដោយក្នុងនោះមានគណបក្សចំនួន៤៥នឹងចូលរួម។ រដ្ឋាភិបាលក៏បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីឱ្យវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាពមកវិញ។

ជាការឆ្លើយតប សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា ជូនសម្តេចក៏ដូចជាជំនួបទាំងមូលនៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ថាឆ្នាំក្រោយនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ ហើយដែលមានចំណាស់ស្មើទៅនឹងអាយុរបស់សម្តេចផងដែរ។ ប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និងសាសនា ជាពិសេស គឺឥទ្ធិពលនៃ សាសនា ដែលប៉ុន្មានថ្ងៃខាងមុខនេះប្រទេសយើងទាំង៤ នៅតាមដងទន្លេមេគង្គមាន កម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ានឹងប្រារព្ធពិធីចូលឆ្នាំថ្មី ឬហៅថាសង្ក្រាន្តដូចគ្នា។

កន្លងទៅគឺយើងបានបង្កើតអាកម៉ិច នៅបាកាន ប្រទេសមីយ៉ាន់ម៉ាដែលមានប្រទេសឡាវ ថៃ កម្ពុជា មីយ៉ា ន់ម៉ា ចូលររួម ហើយយើងក៏មានកិច្ចសហប្រតិបត្តិការជាច្រើន ដូច្នេះយើងត្រូវជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទាំងនេះ។ ពាក់ព័ន្ធនឹងស្ថានភាពមីយ៉ាន់ម៉ា សម្តេចតេជោ ធ្លាប់បានបញ្ជាក់ហើយថា សម្តេចមានបំណងបន្តបំពេញ ទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ា បន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។ ទន្ទឹមនឹងនេះ ក្នុងនាមសម្តេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្តេចមានបំណងចង់ជួបឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្តូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា។

សម្តេចតេជោ ក៏បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហម ហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះជាមួយ មីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត ប៉ុន្តែដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច និងការជម្នះ របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner