ប្រធានស្តីទីព្រឹទ្ធសភា គូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ គឺការជំរុញទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ ដែលសម្តេចតេជោបានលើកឡើង នាសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមក គឺការជំរុញទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភា និងបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តចូលរួមចំណែកអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលសិក្ខាសាលា បណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ សូមបន្តការខិតខំបំពេញការងារ គោរពច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង វិន័យ និងក្រមសីលធម៌មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងជំរុញកិច្ចសហការល្អក្នុងការងារ ដើម្បីរួមចំណែកក្នុងការផ្តល់សេវាជូនព្រឹទ្ធសភាឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីបុគ្គលិកនៃអគ្គលេខាធិការដ្ឋានទាំងអស់ជួយជ្រោមជ្រែងដល់ឯកឧត្តមអគ្គលេខាធិការថ្មី ដើម្បីឱ្យស្ថាប័នអាចប្រមូលផ្តុំកម្លាំងសាមគ្គីជួយទ្រទ្រង់ដល់សកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រ ចម្រុះវិស័យ ចម្រុះទិដ្ឋភាព ដែលថ្នាក់ដឹកនាំព្រឹទ្ធសភាប្រគល់ជូន។

ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា បានសសម្តែងការកោតសរសើរដោយស្មោះចំពោះស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលព្រឹទ្ធសភាអាណត្តិមុនៗ សម្រេចបានជូនជាតិមាតុភូមិ ក្នុងការអនុវត្តមុខងារស្នូលទាំង៣ គឺមុខងារនិតិកម្ម មុខងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារតំណាង។ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ នីតិរដ្ឋត្រូវបានពង្រឹង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រូវបានលើកស្ទួយ ភាពជាតំណាង និងផលប្រយោជន៍របស់ប្រជាជនត្រូវបានធានា និងការពារយ៉ាងម៉ឺងម៉ាត់។ សមិទ្ធផលស្នាដៃ និងវឌ្ឍនភាពការងារដែលព្រឹទ្ធសភាទទួលបាន ពិតជាផ្សារភ្ជាប់ និងមិនអាចខ្វះបានជាមួយនឹងការរួមចំណែកជួយរ៉ាប់រងផ្តល់សេវាពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

តាងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា នីតិកាលទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសមាជិក សមាជិកា ទាំងអស់នៃព្រឹទ្ធសភា ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានថ្លែងការកោតសរសើរ និងអរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំប្រឹងប្រែងរួមគ្នាយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារភារកិច្ចទៅតាមមុខងាររៀងៗខ្លួន នៅក្នុងអាណត្តិកន្លងមក ក៏ដូចជានៅក្នុងការរៀបចំសម័យប្រជុំដំបូង និងកិច្ចប្រជុំលើកទី១ របស់ព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយជោគជ័យត្រចះត្រចង់៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner