សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ១៧គីឡូក្រាម នៅក្នុងរាជធានី (Video Inside)

ជនសង្ស័យប្រុសស្រីចំនួន ២នាក់ និងគ្រឿងញៀនជាង ១៧គីឡូក្រាម ត្រូវសមត្ថកិច្ចបង្រ្កាបបាននៅ ២ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ការបង្ក្រាបគោលដៅទី១ នៅចំណុចមុខខារ៉ាអូខេ Two sister ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងគោលដៅទី២ នៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៥ និង២០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ។

សមត្ថកិច្ចដកហូត សារធាតុញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥គីឡូក្បៀស១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១គីឡូក្បៀស៣៩៩.៩៦ក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៨៥២.៣១ក្រាម សរុបទម្ងន់ចំនួន ១៧គីឡូ ១៤៧.៩៦ក្រាម។

ការពង្រឹង ការគ្រប់គ្រង និងការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពទីបួន ដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

យោងតាមមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ក្នុងមួយសប្តាហ៍ដើមខែមេសានេះ, សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនបាន ១០៥ករណី ក៏ដូចជាបទល្មើសនានាមួយចំនួនផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានបង្ហាញថា គ្រាន់តែក្នុងមួយសប្តាហ៍ ការឃាត់ជនសង្ស័យបានច្រើនដល់ ៤៨៨នាក់ (សម្លេង ទូច សុខៈ) ។

ads banner