សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្កោលទោសអង្គការ Human Right Watch ស៊ីឈ្មួលបម្រើនយោបាយបរទេសមាននិន្នាការប្រឆាំង

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានថ្កោលទោសអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ដែលបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា និងបានហៅអង្គការមួយនេះថា ស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ និងស៊ីឈ្មួលបម្រើនយោបាយបរទេស មាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រកកោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយ។

លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែមេសានេះថា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល តំណាងឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសមាគមអង្គការទាំង១៨អង្គភាព សូមថ្កោលទោស និងសម្តែងការសោកស្តាយជុំវិញការមើលឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា ទន្ទឹមនឹងនេះអង្គការមួយនេះ ថែមបានអំពាវនាវឲ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ នេះជាការមើលឃើញដោយមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនោះទេ ហើយអង្គការមួយនេះតែងតែស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ។

អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសង្កេតឃើញថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ ហើយក្នុងនោះដែរជាលទ្ធផលមានគណបក្សចំនួន២ ដែលទទួលបានអាសនៈ។ នេះជាការសបញ្ជាក់ឱ្យឃើញពីលំហូរប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ដោយសារតែមានការចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្តារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងអំឡុងការបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោតចប់ជាស្ថាពរ។

អ្នកនាំពាក្យរូបនេះបានអះអាងថា ចំពោះការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥នេះ ជាការបង្ហាញឱ្យឃើញពីដំណើរការប្រជាធិបតេយ្យយ៉ាងល្អប្រសើរ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនដូចជាការចោទប្រកាន់ និងមើលឃើញផ្ទុយពីការពិតរបស់អង្គការ Human Right Watch ដែលស៊ីឈ្មួលបម្រើនយោបាយបរទេសមាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រកកោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយនោះឡើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋានទាំងអស់ ឈប់ជឿលើការឃោសនាបោកប្រាស់ ដែលធ្វើឡើងក្នុងទម្រង់ចរិតនយោបាយញុះញង់ របស់ក្រុមអង្គការមួយក្តាប់តូចនោះ ដោយងាកមករួមគ្នាកសាងសង្គមជាតិកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅអនាគត៕
ដោយ៖ពលជ័យ

ads banner