មន្ទីរប្រឆាំងគ្រឿងញៀនព្រមានការផ្សាយប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តច្បាប់ (Video Inside)

មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបដិសេធចំពោះសេចក្តីរាយការណ៍ តាមបណ្តាញសង្គម ដែលចោទថា មានមន្ត្រីគ្រឿងញៀនម្នាក់ បានបោកយកម៉ូតូពីមិត្តភក្តិក្នុងហាងផឹកស៊ី។

សេចក្តីបដិសេធថ្ងៃទី៩មេសា បានធ្វើឡើងក្រោយគណនីហ្វេសប៊ុកផ្សាយព័ត៌មានឈ្មោះ CPNS News, CSK News និង FK News Media បានផ្សាយថា មន្ត្រីបំរើការនៅការិយាល័យ «ក៤» នៃមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូមួយគ្រឿងទៅបាត់ ពេលផឹកស៊ីជាមួយមិត្តភក្តិក្នុងហាងមួយកន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយការស្រាវជ្រាវជនដែលបោកយកម៉ូតូនោះ ពុំមែនជាមន្ត្រីនគរបាល បំរើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀនឡើយ។ សមត្ថកិច្ចបញ្ជាក់ថា គេកំពុងស្វែងរកជនសង្ស័យ ដែលបន្លំខ្លួន ជាមន្ត្រីនគរបាលនោះ។

មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានព្រមានបណ្តាញសង្គមទាំងនេះ ដែលបានផ្សាយព័ត៌មានប៉ះពាល់កេរ្តិ៍ឈ្មោះអង្គភាពអនុវត្តច្បាប់ ដោយមិនបានប្រមូលគ្រប់ជ្រុងជ្រោយឡើយ។

ads banner