សមាជិកសភា និងអភិបាលខេត្តអូសាការបស់ជប៉ុន អបអរសាទរការរៀបចំសង្ក្រាន្ត ឆ្នាំថ្មីរបស់ខ្មែរនៅជប៉ុន

(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) អភិបាលខេត្ត និងអភិបាលក្រុងអូសាកា (OSAKA) របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន ៣ច្បាប់ផ្សេងគ្នា អបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅក្នុង ទីក្រុងអូសាកា ដែលបានប្រារព្ឋកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿង នៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាព រវាងប្រទេសទាំងពីរផងដែរ។

លោកជំទាវ កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជា ប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវហរិញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ ប្រព័ន្ធពន្ធនៃគណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែក ក្នុងការផ្លាស់ប្តូរ និងចែករំលែកវប្បធ៌ម ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់លោកជំទាវ ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាពសម្បូររុងរឿងនៃប្រពៃណីវប្បធ៌មខ្មែរដែលបានល្បីរន្ទឺទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា ឯកឧត្តម យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏រំភើបរីករាយយ៉ាងក្រៃលែងចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត របស់ ខ្មែរដែលធើ្វជាលើកដំបូងក្នុងទឹកដីខេត្តអូសាកា។ សម្រាប់ឯកឧត្តម ការរៀបចំ ព្រឹត្តិការណ៍ ដែលមានការដាក់បង្ហាញម្ហូបអាហារឈ្ងុយឆ្ងាញ់ ការប្រគុំតន្រ្តី របស់សិល្បករ ល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹងចូលរួមចំណែកក្នុងការជំរុញទំនាក់ ទំនង មិត្តភាពរវាងខេត្តអូសាកានិងប្រទេសកម្ពុជាឱ្យកាន់តែស្អិតរមួតថែម មួយកម្រិតទៀត ។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោកយូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki) វិញ ក៏សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បានពាំនាំ នូវប្រពៃណីនៃការប្រារព្ធពិធីបុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធសឹងជាកិត្យានុពលភាពនៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋ នៃក្រុងអូសាកា ព្រមទាំងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការ ណ៍ ដ៏ល្អផូរផង់នេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វប្បធ៌ម នៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើស ទីក្រុង អូសាកា សម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុនយ៉ាងគគ្រឹកគគ្រេង នេះ ផងដែរ ។

Satsuki Katayama , Minister of state for regional revitalization and women’s empowerment, at Nagata cho on Oct. 18, 2018. press conference, Hodo-bu Osaki reports. YOSHIAKI MIURA PHOTO

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle) ក្នុងក្រុងអូសាកានៃខេត្តអូសាកា របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមណាកាណុ ហីរូមាសា(Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើនដូចជានំអន្សមនំគមម្រេចខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែររួមទាំងកាលេងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។ គួររំលឹកថា ក្រៅតែពីការប្រារព្ឋសង្ក្រាន្តឆ្នាំថ្មី នៅក្នុងទីក្រុងអូសាកាដែលសមាជិកព្រឹទ្ធសភា អភិបាលខេត្ត និងអភិបាលក្រុងអូសាកាអបអរសាទរនាពលរនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន១០ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner