រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន កោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ HOU Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន បានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន ហើយបានរំលឹកឡើងវិញនូវសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបានស្វាគមន៍ឆ្នាំ២០២៤ ដែលត្រូវបានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន-ចិន» ហើយទន្ទឹងរង់ចាំនូវការអនុវត្តសកម្មភាព និងគម្រោងនានាប្រកបដោយជោគជ័យ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនង ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងគ្នារវាងអាស៊ាន និងចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃមាគ៌ាអាស៊ាន (ASEAN Way) ការពិគ្រោះយោបល់ និងការសម្រេចចិត្តផ្អែកលើកុងសង់ស៊ុសដែលមានចែងក្នុងធម្មនុញ្ញ អាស៊ាន ដោយសង្កត់ធ្ងន់លើលក្ខណៈពិសេសតែមួយរបស់អាស៊ាន និងការរក្សាបាននូវមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងទំនាក់ទំនងអាស៊ានជាមួយដៃគូរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន សម្រាប់ការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។

លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ពីសារសំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ និងបានអះអាងជាថ្មីម្តងទៀត ពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់នៃគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល (Global Development Initiative-GDI) របស់ប្រទេសចិន ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្ររបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តយ៉ាងខ្លាំងរបស់ចិនចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពជាមួយកម្ពុជាក្រោម ក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម រួមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner