មាសឡើងថ្លៃកប់ពពក ប្រជាជនខ្មែរសម្រុកលក់ចេញ ហាងមួយចំនួនប្រឈមបិទទ្វារ

ភ្នំពេញ៖ គិតត្រឹមថ្ងៃពុធនេះ ហាងឆេងតម្លៃមាសនៅកម្ពុជាហក់ឡើងដល់ក្បែរ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាការស្ទុះឡើងយ៉ាងគំហុកមិនធា្លប់មានពីមុនមាន។ អាជីវកលក់មាសនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន បានប្រាប់ទូរទស្សន៍អប្សរាថា អតិថិជនសម្រុកលក់មាសចេញវិញ អ្នកទិញមានតិចតួច ធ្វើឲ្យហាងទិញលក់មាសមួយចំនួនប្រឈមហានិភ័យ។

លោក ជា វុទ្ធី ម្ចាស់ហាង VT GEMSTONE លក់គ្រឿងអលង្ការ និងត្បូងធម្មជាតិ បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋដែលទិញកន្លងទៅ ១០នាក់ ត្រឡប់មកលក់វិញ ៨នាក់ហើយ។ ម្ចាស់ហាងមាសមួយចំនួនខ្វះទុនបង្វិលសម្រាប់ការទិញចូលច្រើនខណៈការលក់ចេញមានតិច ប្រឈមនឹងបិទទ្វារ។

«ក្នុងស្ថានភាពនេះ សញ្ញាគ្រោះថ្នាក់បំផុត ចំពោះអ្នកលក់ដែលគាត់មានទុនតិច ហើយអ្នកដែលមានទុនច្រើនទប់ជាប់ក្នុងស្ថានភាពនេះ គឺគាត់ជាមនុស្សមា្នក់ដែលមានសមត្ថភាពខ្លាំង អ៊ីចឹងគាត់អាចឈរជាប់នៅលើវិស័យនេះ គឺជារឿងមួយដ៏ល្អ»។
ម្ចាស់ហាងលក់មាសនៅខេត្តកំពង់ឆ្នាំង អ្នកនាង ហុង ហ៊ុយហ្គេច បានប្រាប់ទូរទស្សន៍អប្សរាថា តម្លៃមាសហក់ឡើងពេលនេះខ្លាំងជាងពេលណាៗទាំងអស់ ដែលជាស្ថានភាពដ៏តឹងតែងមិនធ្លាប់មានពីមុន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងជាអ្នកវិភាគតម្លៃមាស និយាយថាតម្លៃមាសនាពេលនេះបានឡើងចន្លោះពី ៦០ទៅ៨០ភាគរយ ហើយនឹងបន្តកើនឡើង។ ដូច្នេះលោកថា វាជាឳកាសល្អក្នុងការវិនិយោគទិញហើយលក់យកចំណេញ។

គួរសម្គាល់ថា មាសនៅទីផ្សារសកលចាប់ផ្តើមឡើងថ្លៃខ្លាំងតាំងពីដើមឆ្នាំ ២០២៤នេះមក។ ក្រុមប្រឹក្សាមាសពិភពលោកបានសរសេរនៅក្នុងកំណត់ត្រាមួយថា “មូលដ្ឋានគ្រឹះ ដែលជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ នាពេលបច្ចុប្បន្ន រួមមាន កត្តាហានិភ័យភូមិសាស្ត្រនយោបាយ ការទិញមាសដោយបណ្តាធនាគារកណ្តាល និងតម្រូវការគ្រឿ ងអលង្ការ”។ ចិនក៏ជាប្រទេសដែលបញ្ជាទិញមាសធំមួយនៅលើពិភពលោកផងដែរ។

លោក ឡោ វិចិត្រ  អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាអ្នកតាមដានសេដ្ឋកិច្ច បានប្រាប់ទូរទស្សន៍អប្សរាថា មាសគឺជាវត្ថុដែលអ្នកវិនិយោគតែងនឹកឃើញមុនគេ នៅពេលប្រទេសមានហានិភ័យផ្នែកសង្រ្គាម ឬភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ដូចជា សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល ជាដើម៕
 ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner