អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ បរិមាណនាំប្លាស្ទិកចូលមកកម្ពុជាមានការថយចុះប្រមាណ ៧៥ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន ០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិក ប្រើប្រាស់ ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេល ត្រីមាសទី១ ឆ្នាំ២០២៤។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ។

ឯកឧត្តម ខ្វែ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤នេះថា ៖ ក្នុងការនាំ ចូលថង់ប្លាស្ទិក សម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។

មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ៖ បើប្រៀបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើ ប្រាស់ ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បាន ទទួលការអនុញ្ញាត ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមាន បរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។

ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន ១៣ ទទួលការ អនុញ្ញាត ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម សរុបចំនួន ១៣៥ ៣៩៦,៩៣ គីឡូក្រាម/ឆ្នាំ ដែលក្នុងនោះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការនាំចូលមានបរិមាណ ៣៥ ៥៨០, ០៩គីឡូក្រាម ។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅ ច្រើន ជាងគេ គឺ នៅក្នុងត្រីមាសទី១ ដែលមានបរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះ នៅខែមករា ថង់ប្លាស្ទិកប្រើប្រាស់ទូទៅបរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម/ខែ ត្រូវបាននាំចូលច្រើនជាងគេប្រចាំឆ្នាំ។ នៅក្នុងត្រីមាសទី២ យើងឃើញថា ការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅមានបរិមាណទាបជាងគេ ដែលមានចំនួនត្រឹម ១០ ៨២១,៨៦ គីឡូក្រាម/ខែ តែប៉ុណ្ណោះ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងអំឡុងខែវិច្ឆិកា និងធ្នូ គឺពុំមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ ។

គួរបញ្ជាក់ថាការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម កើនឡើងខ្លាំងក្នុង អំឡុង ត្រីមាសទី២ ដែលមានបរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះខែមិថុនា មានការ នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មចំនួន ២៨ ២៦៨,៥៧ គីឡូក្រាម/ខែ ដែលមានបរិមាណច្រើនជាង គេប្រចាំឆ្នាំ។

ដោយឡែក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកបម្រើ សង្វាក់ផលិត កម្ម មានការថយចុះ និងទាបជាងគេប្រចាំឆ្នាំដែលមានបរិមាណត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម/ត្រីមាស តែ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងអំឡុងខែកុម្ភៈ និងខែឧសភា គឺមិនមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ ផលិតកម្មឡើយ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការថយចុះនៃការ នាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការ អប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួល បាន ជោគ ជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងមានមនុស្សសរុប ៧,៦លាននាក់ ក្នុងនោះសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិក យ៉ាងតិចចំនួន ១ថ្ងៃ ក្នុង១សប្តាហ៍ ។ ដូចនេះ ការថយចុះនៃការនាំចូលថង់ប្លាស្ទិកបម្រើ ក្នុងសង្វាក់ផលិតកម្ម អាចបណ្តាលមកពីការផលិត ក្នុងស្រុក ដែលមានតម្រូវការថង់ ប្លាស្ទិក មានការថយចុះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner