គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ក្នុងខេត្តព្រះសីហនុ ក្នុងទំហំទុនវិនិយោគ ៧៣លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការ លើក ទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ របស់ វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ។

គម្រោងទាំងនោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង គម្រោងពុំពាក់ព័ន្ធនឹង អគារជាប់គាំង ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងវិនិយោគបង្កើត រោងចក្រ កែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និង កាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម និង គម្រោងពេទ្យធ្មេញ ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស, អង្គប្រជុំបានបានឯកភាពជាគោលការណ៍ លើការ ផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី ជូនគម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ៧៣ លានដុល្លារអាមេរិក ។

សូមជម្រាបជូនថា ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ ដែលជាគម្រោង អគារ សហកម្មសិទ្ធិ (អគារស្នាក់នៅរួម), សណ្ឋាគារ និង មជ្ឈមណ្ឌលទេសចរណ៍ ។ សម្រាប់ដើមខែ មេសា ឆ្នាំ ២០២៤, ក្រុមការងារក៏បាន និង កំពុងទទួល និង ពិនិត្យពាក្យស្នើនានា ចំនួន ១៦ គម្រោង ព្រមទាំងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលរួមមាន : ការសិក្សាកំណត់តំបន់វិនិយោគ ឬ តំបន់អភិវឌ្ឍន៍ និង ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការទិញ ឬ ការជួលអចលនវត្ថុ ដែលមានតម្លៃចាប់ពី ១០០ ០០០ ដុល្លារអាមេរិកឡើង នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពវិនិយោគ និង ការអភិវឌ្ឍ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner