សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូង គេបង្អស់ នៅ ក ម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកប ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានទទួលដី សម្ប ទានទំហំ ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីបង្កើតកសិដ្ឋាន ព្រមទាំងទទួលបាន ការ សម្របសម្រួលសម្រាប់ការនាំចូលពូជគោផលិតទឹកដោះដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសអូស្រ្តាលីចំនួន ៥៥០ក្បាល តាមយន្តហោះមកកាន់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កសិដ្ឋានគិរីសួគ៌នាពេលបច្ចុប្បន្ន មានគោយកទឹកដោះហ៊ុលស្ទីន (Holstein) សរុប ៩២៨ក្បាល គិត ត្រឹម ខែកុម្ភៈ ឆ្នាំ២០២៤ រួមបញ្ចូលទាំងគោ ដែលត្រូវបានបង្កាត់ក្នុងស្រុក និងមានភាពសំារួច ជាស្រេច ជា មួយនឹងអាកាសធាតុនៅកម្ពុជា។ កសិដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតកម្មទំនើប ទាំងការចិញ្ចឹម ការថែទាំ ការដាក់ចំណី និងការរឹតយកទឹកដោះ ដើម្បីធានាបាននូវសុខមាលភាពសត្វជាប់ជាប្រចាំ។

កសិដ្ឋានគិរីសួគ៌ ទទួលបានវិញ្ញាបនបត្រពីផ្នែកសុវត្ថិភាព (GMP/HACCP) ដែលជាការឆ្លើយតបនឹង សង្វាក់ ផលិតកម្មទឹកដោះគោសុទ្ធ យ៉ៅអ៊ួ និងប៊ឺរ តាមបែបទំនើប និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹង ការ ចិញ្ចឹម និងផលិតចំណីនៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ។

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានជ្រើសរើសក្រុមហ៊ុន TSNR ជាភ្នាក់ងារចែកចាយថ្នាក់ជាតិ គ្របដណ្តប់ នៅ ទូទាំងរាជធានី-ខេត្ត ដើម្បីធានាបាននូវការចែកចាយផលិតផល ដល់ទីផ្សារបានឆាប់រហ័ស និងមាន ប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីចាប់ផ្តើមការផលិតសាកល្បងក្នុងឆ្នាំ២០២១ កសិដ្ឋានបានកសាងកេរ្តិ៍ឈ្មោះ នៅក្នុងទីផ្សារជាបន្តបន្ទាប់ រហូតក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកដោះគោធំបំផុតនៅកម្ពុជា។

ម៉ាកសញ្ញាគិរីសួគ៌ ត្រូវបានទទួលស្គាល់យ៉ាងពេញលេញ ពីសំណាក់អ្នកនិយមទទួលទានទឹកដោះគោ មកពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារចំនួន ១២៧នាក់ និង មានស្នាក់ការកណ្តាលដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ថែមពីលើក្រុមអ្នក ជំនាញផលិត កម្ម ប្រចាំកសិដ្ឋាននៅភ្នំតាម៉ៅ ខេត្តតាកែវ។

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានសហការជាមួយដៃគូផ្គត់ផ្គង់បច្ចេកវិទ្យា និងបរិក្ខារល្បីបំផុតរបស់ប្រទេស អ៊ីស្រាអែល ដែលបានបញ្ចប់គម្រោងស្រដៀងគ្នាដោយជោគជ័យនៅទូទាំងអាស៊ី រួមមានគម្រោង នៅ ប្រទេសចិន និងបង់ក្លាដេស ជាពិសេសនៅប្រទេសវៀតណាម ដែលបានជួយឱ្យក្រុមហ៊ុន TH True Milk ក្លាយជាក្រុមហ៊ុននាំមុខគេនៅទីនោះ។ ទិន្នផលនេះ មានកម្រិតខ្ពស់ជាងបណ្តាកសិដ្ឋាននៅសហភាពអ៊ឺរ៉ុបទៅទៀត។

បច្ចុប្បន្នកសិដ្ឋាន មានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១៣ពាន់លីត្រ ក្នុងមួយថ្ងៃ និងផ្គត់ ផ្គង់ បានប្រមាណ ១៥ភាគរយនៃចំណែកទីផ្សារនៅកម្ពុជា។ បច្ចុប្បន្ន គិរីសួគ៌បានផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ និងយ៉ៅអ៊ួ ទៅបណ្តាផ្សារទំនើបធំៗ ដល់ទៅ ជាង ១០០ផ្សារ រួមមាន ឡាក់គី អ៊ីអន ម៉ាក្រូ ជីបម៉ុង ហ្វ៊ែរផ្លាស់ ស៊ុបភើស្ត័រ និងបណ្តាម៉ាត ហាងកាហ្វេ សរុបជិត ៤,០០០ហាង នៅទូទាំងប្រទេស។

ក្នុងរយៈពេល៣ឆ្នាំនៃការចែកចាយ និងផ្គត់ផ្គង់នៅលើទីផ្សារ កសិដ្ឋានគិរីសួគ៌បានទទួលការ គាំទ្រយ៉ាង ច្រើនពីអតិថិជន ដូច្នេះក្រុមហ៊ុនមានគម្រោងអភិវឌ្ឍចង្វាក់ផលិតកម្មថ្មីបន្ថែមទៀត ក៏ដូចជានឹងបង្កើន គោ ឱ្យបាន ចំនួន ៣,០០០ ក្បាល នាថ្ងៃអនាគត ដោយក្នុងនោះមានគោដែលនឹងកើតចេញពីពោះមេក្នុង ស្រុក ប្រហែលចំនួន ១,០០០ក្បាលទៀត ដើម្បីបង្កើនសង្វាក់ផលិតកម្ម ប្រភេទទឹកដោះ គោផ្សេងទៀត ដែលអាចផ្គត់ផ្គង់ទៅតាមបណ្តាខាងខេត្តនានា ក៏ដូចជាអាចវេចខ្ចប់ជាកញ្ចប់ក្រដាសតូចៗ សម្រាប់ផ្គត់ផ្គង់ទៅតាមសាលារៀនផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កសិដ្ឋានទាំង៤ មានគោយកទឹកដោះចំនួន ១,១៧៦ក្បាល អាចផលិតទឹកដោះគោស្រស់ជាង ៥លាន លីត្រ ក្នុងមួយឆ្នាំ ឬ ១៧ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុង ស្រុកជាង ៣០លានលីត្រ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner