សិស្សខ្មែរញៀនលេងទូរសព្ទគេចថ្នាក់ សាលារៀនដាក់បម្រាមហាមយកទូរសព្ទចូល

ភ្នំពេញ៖នាយកសាលារៀនមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបានប្រាប់ទូរទស្សន៍អប្សរាថា សិស្សានុសិស្សជាច្រើននៅតែញៀននឹងការលែងទូរស័ព្ទ ពួកគេខ្លះប្រើទូរសព្ទទាំងក្នុងនិងក្រៅថ្នាក់រៀន ហើយសិស្សខ្លះទៀតឈានដល់គេចម៉ោងសិក្សាតែម្តង។

លោក ឆាយ គីមអាល់ គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនារាជធានីភ្នំពេញបានឱ្យដឹងថា កូនសិស្សរបស់លោកស្ទើរតែ១០០ភាគរយប្រើទូរសព្ទដែលភាគច្រើនជាប្រភេទស្មាតហ្វូន មានអ៊ិនធឺណិត ផ្ទុកដោយហ្គេម និងខ្លះទៀតមានរូបឬវីដេអូមិនសមរម្យ។ លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្តិសម្គាល់ឃើញថា កូនសិស្សជក់លេងទូរសព្ទ រំខានដល់គ្រូ សិស្សដទៃ និងជាពិសេសពួកគេពុំមានអារម្មណ៍យកចិត្តទុកដាក់រៀនសូត្រនោះទេ។

លោក យ៉ាន ឡាយ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជាបានសម្គាល់ឃើញថា សិស្សដែលងប់ងុលនឹងស្មាតហ្វូនខ្លាំងភាគច្រើនស្ថិតក្នុងវ័យ១៥ឆ្នាំ ដែលប៉ះពាល់ដល់ការទំនាក់ទំនង ថមថយនូវគំនិតថ្មីៗ មានចរិតកោងកាច មានបញ្ហាសុខភាពផ្លូវចិត្ត និងបង្អាក់ការលូតលាស់ផ្នែកបញ្ញាស្មារតីជាដើម។

ដារិទ្ធ វលក្ខទេពី សិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្លាប់ជាអ្នកវក់នឹងទូរសព្ទ។ នាងបានប្រាប់ទូរទស្សន៍អប្សរាថា វាធ្វើឱ្យនាងរៀនមិនទាន់គេ។

ទេពី៖ ”រូបខ្ញុំធ្លាប់លេងទូរសព្ទក្នុងថ្នាក់រៀន មានពេលមួយគ្រូបង្រៀនកំពុងពន្យល់ ស្រាប់តែខ្ញុំងើបមកវិញចាប់អត់ទាន់! អត់យល់! ។ខ្ញុំសោកស្តាយ។ អញ្ចឹងខ្ញុំប្រាប់មិត្តៗថា យើងមិនគួរលេងទូរសព្ទក្នុងម៉ោងគ្រូកំពុងបង្រៀនជាដាច់ខាត”។

ដោយមើលឃើញពីផលប៉ះពាល់នេះកាលពីខែតុលាឆ្នាំ២០២៣ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យសាលារៀននៅទូទាំងប្រទេសរឹតបណ្តឹងការប្រើទូរសព្ទនៅសាលារៀន។ រហូតមកដល់ពេលនេះ មានសាលាកាន់តែច្រើនដែលចាត់វិធានការដោយឡែកពីគ្នា។តួយ៉ាងវិទ្យាល័យព្រះសីសុវត្ថិនៅភ្នំពេញ និងវិទ្យាល័យបូទុមសាគរនៅខេត្តកោះកុង ហាមសិស្សប្រើទូរសព្ទក្នុងម៉ោងរៀន។ ចំណែកអនុវិទ្យាល័យចន្រ្ទានៃខេត្តស្វាយរៀងវិញ និងសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជានៅភ្នំពេញ មិនអនុញ្ញត្តិឱ្យសិស្សយកទូរសព្ទចូលបរិវេណសាលាតែម្តង។

យ៉ាងណាក៏ដោយ នៅចំពោះមុខនៃការរីកចំរើនផ្នែកបច្ចេកវិទ្យា មានការយល់ឃើញខុសគ្នាចំពោះវិធានទាំងនេះ។ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ក្រសួងអប់រំគួរកំណត់ម៉ោងការប្រើប្រាស់ទូរស័ព្ទដល់សិស្សនិងគ្រូដើម្បីឱ្យពួកគេតាមទាន់បច្ចេកវិទ្យា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានក៏បំពាក់គ្រឿងអេឡិចត្រូនិកនិងប្រព័ន្ធបច្ចេកវិទ្យាមួយចំនួននៅតាមសាលាដែលមិនចាំបាច់ពឹងលើទូរសព្ទសម្រាប់រៀនសូត្រ។

ការស្រាវរបស់ Educational Psychology Journal បង្ហាញថា សិស្សមិនប្រើទូរសព្ទឬកុំព្យូទ័រយួរដៃក្នុងម៉ោងសិក្សាបានពិន្ទុខ្ពស់ជាងសិស្សដែលប្រើឧបករណ៍ទាំងនោះ៕

ដោយៈ ឡុង គីមម៉ារីតា

រូបថតៈលោកជំទាវ ឃួន វិច្ឆិកា (រូបថតឯកសារ)

រូបថតៈ AMS(រូបឯកសារ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner