មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពទឹកពុំមានអ្វីប្រប្រួលទេគឺស្ថិតនៅក្នុងសភាពប្រក្រតីក្រោយឧបទ្ទវហេតុក្រឡាប់ រថយន្តដឹកសារធាតុអាស៊ីស៊ុលហ្វូរិច ៣០តោន នៅឡាវ

(ភ្នំពេញ) ៖ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រុមការងារជំនាញនៃក្រសួងបរិស្ថានបានបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានគុណភាពទឹក បន្ទាប់ពីកើតឧបទ្ទេវហេតុរថយន្តមួយគ្រឿងធ្វើឱ្យកំពប់សារជាតិអាស៊ីស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ប្រទេសឡាវ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គរួចមក ។

ក្នុងនេះក្រុមមន្រ្តីជំនាញបានចុះយកសំណាកជាប្រចាំថ្ងៃ។ដោយឡែកកាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤កន្លងទៅក្រុមមន្រ្តីជំនាញបានចុះយកសំណាក់ចំនួន៣កន្លែងផ្សេងគ្នាក្នុងនោះលទ្ធផលបានបង្ហាញថាគុណភាពទឹកពុំមានអ្វីប្រប្រួលទេពោលគឺស្ថិតនៅក្នុងសភាពប្រក្រតីធម្មតា។

បញ្ជាក់ប្រាប់ AMSនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៤នេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វែ អាទិត្យា ឱ្យដឹងថា សម្រាប់ទីតាំងដែលក្រុមមន្រ្តីជំនាញបានចុះពិនិត្យមានដូចជា៖១/ចំណុចកោះហាន ទឹកមានសភាពធម្មតា pH= 8.18, DO=8.52 mg/L, TDS=0.384 g/L
២/ចំណុចជ្រោយ ទឹក មានសភាពធម្មតា pH=8.38 , DO=6.53 mg/L, TDS= 0.392 g/L
៣/ចុំណុចក្បែរស្ថានីតាមដានគុណភាពទឹក ខេត្តស្ទឹងត្រែង របស់ក្រសួងបរិស្ថាន (ស្ថឹតនៅគល់ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង) ទឹក មានសភាពធម្នតា pH=8.36 , DO= 7.83 mg/L, TDS= 0.348 g/L។

ឯកឧត្តម ខ្វែ អាទិត្យាបានថ្លែងដោយបញ្ជាក់ផងថាតាមរយៈហេតុការណ៍ដែលកើតឡើងនេះដែរក្រសួងបរិស្ថាននឹងបន្តសហការជាមួយក្រសួងស្ថាប័ន ជាពិសេសកិច្ចសហប្រតិការជាមួយទន្លេងមេគង្គឱ្យបានល្អសំដៅធ្វើយ៉ាងណាបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលាបើមានការប្រែប្រួលគុណភាពទឹកណាមួយកើតឡើង។

ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ តាមរយៈគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈ ចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គ ជាបន្តទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី ស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងព្រះបាង ហើយមានចំងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រពី ព្រំប្រទល់កម្ពុជា-ឡាវ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner