រាជរដ្ឋាភិបាល មិនដេកមើលការលំបាករបស់ពលរដ្ឋនោះទេ ពោល គឺកំពុងជួយដោះស្រាយបញ្ហារវាងម្ចាស់បុរី និងអតិថិជនជាបន្តបន្ទាប់

(តាកែវ)៖ រាជរដ្ឋាភិបាល មិនបានដេកមើលការលំបាក របស់ពលរដ្ឋនោះទេ ពោល គឺកំពុងជួយដោះស្រាយ បញ្ហារវាងម្ចាស់បុរី និងអតិថិជនជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សម្ដេចធិបតី បានថ្លែងថា ជាការពិតណាស់ បញ្ហាផ្ទះបុរី មានបញ្ហាគាំងដោយសារបញ្ហាកូវីដ តែរាជរដ្ឋាភិបាល ក៏កំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ជាលំដាប់លំដោយ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ ។ យើងមិនអាចយករូបមន្ត សម្លាប់មេមាន់នោះទេ យើងត្រូវធ្វើយ៉ាងម៉េច ឱ្យមេមាន់នៅរស់ ដើម្បីមានពងមាន់ សម្រាប់បង្កើនចំនួនមេមាន់ ឬយកពងមាន់ខ្លះ មកធ្វើម្ហូបអាហារជាដើម ។

សម្ដេច ថា រាជរដ្ឋាភិបាល មិនបានដេកមើលការលំបាករបស់ ប្រជាជននោះទេ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃ ជាមួយបុរី ជាមួយប្រជាពលរដ្ឋដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់ ។

សម្ដេចធិបតី បានសូមឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើ រាជរដ្ឋាភិបាល ការខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជាគោលដៅធំបំផុត ហើយធ្វើយ៉ាងម៉េច ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ មានលំនឹងក្នុងការបន្តកសាង-ប្រគល់ផ្ទះ ជូនអតិថិជនរបស់ខ្លួន ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា យើងមិនអាចបំផ្លាញសេដ្ឋកិច្ច ក្នុងរយៈពេលលំបាកនេះ បានឡើយ សេដ្ឋកិច្ចវាតែងមានឡើងមានចុះ ពេលលំបាក យើងត្រូវតែរួមគ្នាដោះស្រាយ នៅពេលជោគជ័យ នោះប្រជាពលរដ្ឋយើង នឹងមានជីវភាពឡើងមួយកម្រិតទៀត ។

សម្ដេចធិបតី ក៏បានតាមដានចំពោះបញ្ហារបស់ប្រជាពលរដ្ឋ ជាមួយបុរីលំនៅដ្ឋាន និងបានចេញគោលការណ៍ឱ្យ រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តម សាយ សំអាល់ ក៏ដូចជា ធនាគារជាតិនៃកម្ពុជា អនុវត្តកិច្ចដោះស្រាយបញ្ហា ដើម្បីបន្ថយសម្ពាធហានិភ័យ។ ម្យ៉ាងទៀត ក៏បានពិភាក្សា ជាមួយវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាពណាមួយ ដល់វិស័យបុរីលំនៅដ្ឋាន មានទុនអាចបន្តការអនុវត្តគម្រោង ជូនអតិថិជន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល ក្នុងនោះមានក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។ ប៉ុន្តែមកដល់ពេលនេះ ក៏មានក្រុមហ៊ុន បុរីលំនៅដ្ឋានខ្លះ ក៏បានបន្តដំណើរការគម្រោងរបស់ខ្លួនឡើងវិញបណ្ដើរៗហើយ ហើយសម្ដេចមានជំនឿថា ទៅថ្ងៃខាងមុខវិស័យចលនទ្រព្យ នឹងមានកំណើនឡើងវិញ ខណៈឥឡូវនេះ ក៏នៅតែមានក្រុមហ៊ុនអន្តរជាតិ ពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍ វិស័យអចលនទ្រព្យនៅកម្ពុជាទៀតដែរ ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះ នឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះ សូមប្រជាពលរដ្ឋ ជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ៕

អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner