សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ។ … ប្រទេសយើងជាមហាអំណាចពេលដែលសេដ្ឋកិច្ចយើងខ្លាំង។ ព្រែកជីកនេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ចយើងខ្លាំង ជីវភាពរបស់ប្រជាពលរដ្ឋយើងរឹងមាំ ហើយសូមអរគុណចំពោះប្រជាពលរដ្ឋជាច្រើនដែលបានយល់អំពីសារៈសំខាន់ ហើយបានបញ្ចេញមតិគាំទ្រនៅការរៀបចំនូវព្រែកជីកនេះ ដើម្បីបង្កើននៅសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងខេត្តនាទិសនរតី។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅព្ករឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតីបានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណន-តេជោ មិនបានបម្រើត្រឹមតែទិសនរតីទេ ទិសនរតី គឺបានផលផ្ទាល់ ប៉ុន្តែផលតភ្ជាប់ទៅដល់ទិសផ្សេងៗទៀត ការដឹកជញ្ជូនតាមផ្លូវទឹកតាំងពីទិសឥសាន ពីខេត្តដែលជាប់ទន្លេមេគង្គ និងខាងទន្លេសាបក៏រុញមកដែរ។ ដោយសម្តេចធិបតីបានសង្កត់ធ្ងន់ថា ៖ “កម្ពុជារឹងមាំក៏ជួយដល់មិត្តយើងក្នុងតំបន់ន៉ដែរ មិនមែនជាការគំរាមកំហែងទេ។ ខ្ញុំសូមអរគុណណាស់ចំពោះការញាំទ្ររបស់ប្រជាពលរដ្ឋយើង ហើយការយល់របស់ប្រជាពលរដ្ឋជាច្រើន។ ប៉ុន្តែពេលជាមួយគ្នាក៏មានការបញ្ចេញទស្សនមួយចំនួនពាក់ព័ន្ធទៅនឹងកង្វល់ កង្វល់ទី១. គឺពាក់ព័ន្ធថាតើព្រែកជីកនេះធ្វើៗអីចំណាយលុយអត់ប្រយោជន៍ មានមតិបងប្អូនមួយចំនួនថា ព្រែកជីកនេះធ្វើទៅធ្វើអីកើត ជីកបានតែឈ្មោះ វារាក់ពេក ជីកទៅបានតែកប៉ាល់បានតែកាណូតដោយសារត្រីតូចៗ។ សូមបញ្ជាក់មុខកាត់ ១០០ម៉ែត្រ ជម្រៅដែលប្រើប្រាស់ ៤,៧ម៉ែត្រ យើងជីក ៥.៤ម៉ែត្រ ដឹកសាឡង់បាន ៣ពាន់តោន ខែប្រាំងដឹក ៣ពាន់តោន ខែវស្សាដឹក ៥ពាន់តោន”។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា បងប្អូនដែលកង្វល់ ឬមួយនិយាយថា ព្រែកជីកនេះចំណាយលុយឥតប្រយោជន៍បានល្អតែមើលអត់ល្អស៊ី មិនមែនទេ គឺបានទាំងពីរ ហើយជាពិសេស គឺបានផលជាក់ស្តែងដល់ប្រជាពលរដ្ឋនៅក្នុងការដឹកជញ្ជូន កាត់បន្ថយចម្ងាយ កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ …. ព្រែកជីក ១៨០គីឡូម៉ែត្រនេះ មិនមែនជីកថ្មីទាំងអស់ទេ នៅក្នុងនោះ១៣៥គីឡូម៉ែត្រជាផ្លូវទឹកធម្មជាតិដែលមានស្រាប់ហើយ យើងគ្រាន់តែពង្រីកទេ អត់មានប៉ះពាល់អីទៅដល់កន្លែងដែលត្រូវជីកថ្មីទេ យើងជីកថ្មីតែ ៧គីឡូម៉ែត្រប៉ុណ្ណោះ អ្វីដែលមានស្រាប់យើងគ្រាន់តែពង្រីកទេ ហើយវាអត់ប៉ះពាល់ទៅដល់បរិស្ថានទេ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner