កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីសូត្រមន្ត រាប់បាត្រប្រគេនព្រះសង្ឃ និងសម្ដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។ ពិធីតាមបែបសាសនានេះ ប្រារព្ធឡើងជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេស ការត្រៀមទទួលស្វាគមន៍ទេពធីតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០ និង ២៤នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ថ្នាក់ដឹកនាំ រួមទាងមន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ ។

កាកបាទក្រហមកម្ពុជា បានវេរប្រគេនទេយ្យទានដល់វត្តប្រជុំនទី (ក្រពើហារ) សម្រាប់ជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ព្រមទាំងព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា រួមមាន ៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ២គីឡូក្រាម, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម និងថវិកា ៤០លានរៀល។ រាប់បាត្រប្រគេនព្រះសង្ឃ ៥អង្គ ក្នុង ១អង្គៗ ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ, ផ្លែឈើ ១កន្ត្រក និងសាដក១ ។ ប្រគេន ព្រះចៅអធិការវត្ត បច្ច័យចំនួន ៥លានរៀល ។ ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុង ១អង្គៗ បច្ច័យ ១លានរៀល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner