ធនាគារអភិវឌ្ឍន៍អាស៊ី ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យកម្មន្តសាល និងទេសចរណ៍

យោងតាមរបាយការណ៍ចេញផ្សាយថ្ងៃនេះដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។»

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែលវិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។ របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ២០២៤- ២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ២០២៣ ដោយសារមានការថយចុះនៃថ្លៃ ថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខនេះ។

រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកា (fiscal consolidation) ជាបណ្តើរៗចាប់ពីឆ្នាំ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃ ថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។

លោកស្រី Jyotsana Varma មានប្រសាសន៍ថា «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង។» របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៧។ វាបានកត់សម្គាល់ថា ការឆ្លងផុតនេះនឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាកអន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារនិងកំណើនសេដ្ឋកិច្ចខ្ពស់។ ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះប្រកបដោយប្រសិទ្ធភាព របាយការណ៍នេះបានសង្កត់ធ្ងន់ លើសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក ការធ្វើពិពិធកម្ម ទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕
ដោយ៖ពលជ័យ

ads banner