អេឌីប៊ីព្យាករណ៍សេដ្ឋកិច្ចកម្ពុជាបន្តមានកំណើន តែនៅប្រឈមបញ្ហា

 
ភ្នំពេញ:ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨ភាគរយក្នុងឆ្នាំ២០២៤ និង ៦,០ភាគរយក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយកំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
 
ចំណែកវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យត្រូវបានរំពឹងថា នឹងកើនឡើងក្នុងកម្រិតមធ្យម។ អតិផរណាអាចនឹងបន្តនៅទ្រឹងខណៈដែលតម្លៃប្រេងឥន្ធនៈសកលមានស្ថិរភាព។
 
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma និយាយថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣ ហើយរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមានដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។
 
យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន។ របាយការណ៍ដដែល ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីកិច្ចពិភាក្សាក្នុងការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជាដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬ Least-Developed Country) នៅឆ្នាំ២០២៧។
 
ADB ថាដើម្បីសម្រេចផែនការនេះ កម្ពុជាត្រូវបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក ធ្វើពិពិធកម្មទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព វិនិយោគលើធនធានមនុស្សនិងពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក។
 
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា  និយាយថា សេដ្ឋកិច្ចបន្តមានកំណើនជារឿងល្អ ប៉ុន្តែ វាមិនមែនមានន័យថា ប្រជាជនមិនរងផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះទេ។ លោកថា សេដ្ឋកិច្ចកើន បញ្ហាអតិផរណាក៏កើតមានដូចគ្នា ធ្វើឱ្យពលរដ្ឋមានចំណូលបានសមរម្យ ត្រូវចំណាយច្រើនអស់ទៅវិញ ហើយបញ្ហានេះក៏កើតឡើងដូចនៅប្រទេសផ្សេងៗទៀតដែរ៕
ដោយ:ញ៉ែម សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner