អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន ដែលឃាត់ខ្លួន គឺមិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន ដែលត្រួវបានឃាត់ខ្លួន គឺមិនមានការពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយ ឬក៏ការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកនយោបាយនោះទេ។ ដោយការឃាត់ខ្លួននេះ គឺរងបទចោទ ហើយត្រូវបានឃុំខ្លួនដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា បើតាមព័ត៌មានទទួលបាន សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន គឺរងបទចោទ ហើយត្រូវបានឃុំខ្លួនដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស ហើយមិនមានការពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយ ឬក៏ការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកនយោបាយនោះទេ។ មធ្យោបាយតាមផ្លូវច្បាប់ដើម្បីជួយពួកគាត់ គឺមិនមែនជាការអំពាវនាវផ្នែកនយោបាយឱ្យមានការដោះលែងនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា គេត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បានន័យថា ស្វែងរកភស្តុតាង សក្ខីកម្មមូលដ្ឋានផ្លូវច្បាប់ឲ្យបានរឹងមាំក្នុងការដោះបន្ទុកតតាំងទៅនឹងបទចោទ តតាំងជាមួយនឹងភស្តុតាង ឬក៏មូលដ្ឋានដែលសមត្ថកិច្ចមានក្នុងការដាក់បន្ទុកចោទប្រកាន់ និងឈានទៅដល់ការឃុំខ្លួន។

ទាក់ទងករណីនេះ គណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងសកម្មជនរបស់ខ្លួនចំនួន៤រូប ដើម្បីឱ្យពួកគេចូលរួមធ្វើសកម្មភាពនយោបាយអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ខាងមុខ។ ការស្នើសុំរបស់គណបក្សប្រឆាំងដូច្នេះ បានធ្វើឡើងក្រោយសកម្មជនទាំង៤រូប ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីចុងសប្តាហ៍មុនរហូតដល់ដើមសប្តាហ៍នេះ ក្រោមបទចោទក្លែងបន្លំឯកសារសាធារណៈ។ សូមរំលឹកថាលោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនភ្នំពេញ លោក គឹម ថាយមុនី ចៅសង្កាត់រងទី២សង្កាត់ស្ទឹងមានជ័យទី២ និងលោក គឹម ហុង ចៅសង្កាត់រងទី២ សង្កាត់ផ្សារអូឫស្សីទី៤ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី៥ និងទី៦ ខែមេសានេះ។ ដោយឡែក លោក សាន សឿន អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាបេក្ខជនលេខរៀងទី៥ នៃគណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាមត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ៕
ដោយ៖ពលជ័យ

ads banner