សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រារព្ធសង្រ្កាន្តឆ្នាំថ្មី ២០២៤

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទៅតែងតែប្រារព្ធឡើងនាពាក់កណ្ដាលខែមេសាជារៀងរាល់ឆ្នាំ និងដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងអរិយធម៌ជាតិខ្មែរឱ្យបានថ្កុំថ្កើង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំ «កម្មវិធីសង្ក្រាន្តស៊ីអាយអេហ្វឺសត៍ ឆ្នាំ២០២៤» នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំង ៣ទីតាំង គឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ (លើផ្លូវ២០០៤) វិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (លើផ្លូវឌួងងៀបទី៣) និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ (តាមបណ្ដោយផ្លូវចូលទៅ ស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ)។

សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះ គណៈគ្រប់គ្រងសាលាបានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្ដ ជាច្រើនដូចជាការច្រៀងចម្រៀងតំណាងជាតិ (បទដែនដីខ្មែរ) ការរាំរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ ដូចជាការសម្ដែងរបាំជូនពរ របាំត្រុដិ របាំក្ងោកប៉ៃលិន របាំនារីកម្ពុជា ការដើរបង្ហាញម៉ូត សម្លៀកបំពាក់ប្រពៃណីខ្មែរ តាមសម័យកាល ការតាំងពិព័រណ៍ប្រវត្តិសាស្ត្រ ការដាក់តាំងបង្ហាញរូបភាពប្រាសាទបុរាណ ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រជាជនខ្មែរពីសម័យបុរាណ និងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលមានមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សចូលរួមសម្ដែង និងលេងកម្សាន្ដ។

លោកឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្ដែងនូវភាពសប្បាយរីករាយ និងសាទរចំពោះការប្រារព្ធកម្មវិធីសង្ក្រាន្តស៊ីអាយអេហ្វឺសត៍ ដែលបានចូលរួមបង្កើតបរិយាកាសរីករាយក្នុងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទាំងមូល ព្រមទាំងបានក្លាយជាចំណែកមួយក្នុងការអភិរក្ស និងអភិវឌ្ឍលើកស្ទួយវប្បធម៌ និងអរិយធម៌ជាតិខ្មែរឱ្យបានថ្កុំថ្កើងរុងរឿងតទៅ។

លោកឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា ការប្រារព្ធធ្វើពិធីសង្ក្រាន្តស៊ី អាយ អេ ហ្វឺសត៍ មានន័យមិនត្រឹមតែជាការចូលរួមថែរក្សា និងអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយទៅកាន់ពិភព លោកឱ្យបានស្គាល់ពីវប្បធម៌ខ្មែរផងដែរ ដ្បិតក្នុងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ មកពីជាង ៤០ប្រទេស ដែលកំពុងតែចូលរួមក្នុងកម្មវិធីសង្ក្រាន្តស៊ីអាយអេហ្វឺសត៍នៅថ្ងៃនេះ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាថ្នាលបណ្ដុះបណ្ដាល ដែលផ្ដល់ការអប់រំលើកម្មវិធីសិក្សា អន្តរជាតិ ដែលមានការទទួលស្គាល់ពីគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ហៅកាត់ ថា WASC និងកម្មវិធីចំណេះទូទៅខ្មែរ (FTK) ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីសិក្សាភាសា និងវប្បធម៌ខ្មែរ (FTC) ផងដែរ ដើម្បីធានាបាននូវការផ្ដល់ជូនការអប់រំគ្រប់ជ្រុង ជ្រោយដល់សិស្សានុសិស្សគ្រប់រូប៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner