កង់ផ្តួលរថយន្ត ក្លាយជាយានជំនិះពេញនិយមបំផុតនៅទីក្រុងប៉ារីស

ប៉ារីស៖ មន្ត្រីបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យោងតាមការសិក្សាកាលពីពេលថ្មីៗនេះ បានរកឃើញថា កង់បានផ្តួលរថយន្តក្លាយជាមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ច្រើនបំផុតនៅក្នុងទីក្រុងប៉ារីស។

អភិបាលរងក្រុងប៉ារីស ទទួលបន្ទុកផ្នែកដឹកជញ្ជូន លោក David Belliard បានបង្ហោះនៅលើបណ្តាញសង្គម X ថា ១០ឆ្នាំមុន គ្មាននរណាអាចទស្សន៍ទាយដឹងមុនថា កង់នឹងវ៉ាដាច់រថយន្តក្លាយជាយានជំនិះពេញនិយមបំផុតនៅក្នុងទីក្រុងប៉ារីសនោះទេ។ ប៉ុន្តែយោងតាមការសិក្សាថ្មីមួយ ដោយស្ថាប័ន Institut Paris Region ដែលជាទីភ្នាក់ងាររៀបចំទីក្រុង បានរកឃើញថា ប្រជាជនក្រុងប៉ារីសចំនួន ១១.២ភាគរយ បានជ្រើសរើសកង់សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់ពួកគេនៅក្នុងទីក្រុងផ្ទាល់ បើធៀបនឹងរថយន្តមានត្រឹមតែ ៤.៣ភាគរយប៉ុណ្ណោះ។

ចំណែកការដើរថ្មើរជើងវិញ គឺជាជម្រើសដំបូងសម្រាប់ការធ្វើដំណើរភាគច្រើនរបស់ប្រជាជនក្រុងប៉ារីស ដែលមានចំនួន ៥៣.៥ភាគរយ បន្ទាប់មកការដឹកជញ្ជូនសាធារណៈមានចំនួន ៣០ភាគរយ។ ការសិក្សាថ្មីនេះបានធ្វើឡើងនៅចន្លោះខែតុលា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងប្រជាជនរស់នៅទីតាំងនានានៃទីក្រុងប៉ារីស ចំនួន ៣,៣៣៧នាក់ ដែលមានអាយុចន្លោះពី ១៦ ទៅ ៨០ឆ្នាំ។

បច្ចុប្បន្នទីក្រុងប៉ារីសបាននឹងកំពុងវិនិយោគយ៉ាងខ្លាំងលើផ្លូវជិះកង់ ហើយបានកាត់បន្ថយចំនួនចំណតរថយន្ត ដែលនេះជាផ្នែកមួយនៃវិធានការឈានទៅរកគោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុរបស់ប្រទេសបារាំង។ ទោះបីជាយ៉ាងណា រថយន្តនៅតែជាមធ្យោបាយធ្វើដំណើរពេញនិយមដដែលនៅឯជាយក្រុងប៉ារីស ប៉ុន្តែគេសង្ឃឹមថា ការពង្រីកខ្សែរថភ្លើងក្រោមដីជាយក្រុងដ៏ធំដែលកំពុងដំណើរការ នឹងអាចជួយកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ដែលជាប្រភពសំខាន់នៃការបំពុលខ្យល់ និងការបញ្ចេញកាបូន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner