សហរដ្ឋអាមេរិកបញ្ចុះបញ្ចូលចិនឱ្យជួយទប់ស្កាត់អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានស្នើឱ្យប្រមុខការទូតចិន និងសមភាគីផ្សេងទៀត ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ រារាំងអ៊ីរ៉ង់ពីការវាយលុកលើអ៊ីស្រាអែល។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា លោក ប្លីងគែន នៅថ្ងៃព្រហស្បតិ៍នេះ បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសចិន តួកគី អារ៉ាប៊ីសាអូឌីត និងអឺរ៉ុប ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ការកើនឡើងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយថា ប្រទេសនានាគួរតែជំរុញឱ្យអ៊ីរ៉ង់បោះបង់ចោលការសងសឹកអ៊ីស្រាអែល។

លោក Miller បន្តថា លោក ប្លីងគែន ក៏បាននិយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់អាមេរិកចំពោះអ៊ីស្រាអែល ប្រឆាំងនឹងការគំរាមកំហែងណាមួយពីអ៊ីរ៉ង់ផងដែរ។ ការអំពាវនាវរបស់ប្រមុខការទូតអាមេរិក កើតឡើងបន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់បានប្តេជ្ញាសងសឹកវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសាមកនេះ បានវាយលុកអគារការទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ក្នុងប្រទេសស៊ីរី ដោយបានសម្លាប់សមាជិក ៧នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍វរៈជនអ៊ីរ៉ង់ រួមទាំងឧត្តមសេនីយ៍ចំនួនពីរនាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការអំពាវនាវជាសាធារណៈម្តងហើយម្តងទៀតដល់ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងពិភពលោកដ៏យូរអង្វែងរបស់ខ្លួន ឱ្យធ្វើការងារបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា រួមទាំងការដាក់សម្ពាធលើអ៊ីរ៉ង់ ដែលជាខ្នងបង្អែករបស់ក្រុមហាម៉ាស់។ ប៉ុន្តែទោះបីជាយ៉ាងណា ចិនបានរិះគន់សហរដ្ឋអាមេរិកថា មានភាពលម្អៀងទៅខាងអ៊ីស្រាអែល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner