ប្រមុខការទូតថៃទៅទីក្រុងព្រំដែន ចំពេលមានការប៉ះទង្គិចគ្នាខ្លាំងនៅមីយ៉ាន់ម៉ា

បាងកក៖ ក្រសួងការបរទេសថៃបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara នៅថ្ងៃសុក្រនេះ បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា ក្រោយមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃនៅទីក្រុង Myawaddy រវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច។

ក្រសួងការបរទេសថៃបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara នឹងទៅទស្សនា “ស្ពានមិត្តភាព” ចំនួនពីរ ដែលតភ្ជាប់ទីក្រុង Mae Sot របស់ប្រទេសថៃ ជាមួយទីក្រុង Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា។

ក្នុងអំឡុងទស្សនកិច្ចមួយថ្ងៃនេះ លោក Parnpree ក៏នឹងទៅមើលការត្រៀមរៀបចំ សម្រាប់ការហូរចូលបន្ថែមទៀត នៃប្រជាជនដែលភៀសខ្លួនចេញពីការប្រយុទ្ធនៅមីយ៉ាន់ម៉ា នេះបើយោងតាមក្រសួងការបរទេសថៃ។ កាលពីដើមសប្តាហ៍នេះ ប្រទេសថៃបានប្រកាសថា ខ្លួនបានប្រុងប្រៀបរួចហើយ ដើម្បីទទួលយកមនុស្សប្រមាណ ១០ម៉ឺននាក់ដែលភៀសខ្លួនចេញពីមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតថៃ កើតឡើងស្របពេលដែលអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ានិយាយថា កងទ័ពខ្លួនបានដកថយចេញពីមូលដ្ឋានរបស់ពួកគេ ក្នុងទីក្រុងពាណិជ្ជកម្មមួយស្ថិតនៅក្បែរព្រំដែនថៃ ដើម្បីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ។

ការវាយប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា កើតឡើងនៅជុំវិញទីក្រុង Myawaddy ចាប់តាំងពីដើមសប្ដាហ៍នេះមកម្ល៉េះ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) លោក Padoh Saw Taw Nee បាននិយាយថា ទាហានរបបសឹកប្រហែល២០០នាក់ក្នុងទីក្រុងមួយនេះបានដកថយ និងកំពុងជ្រកកោននៅឯស្ពានមួយកន្លែង ដែលតភ្ជាប់ទីក្រុង Myawaddy ទៅកាន់ទីក្រុង Mae Sot ព្រំដែនរបស់ថៃ។

ចំណែកអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា និងអាជ្ញាធរថៃកំពុងស្ថិតក្នុងកិច្ចពិភាក្សា ពាក់ព័ន្ធនឹងទាហានទាំងនោះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ។ ការបោះបង់ទីក្រុង Myawaddy នឹងក្លាយជាការបរាជ័យដ៏អាម៉ាស់មួយសម្រាប់របបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបានបាត់បង់សមរភូមិជាច្រើនក្នុងពេលប៉ុន្មានខែថ្មីៗនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner