ក្តៅខ្លាំង! កុមាររាប់លាននាក់នៅអាស៊ីប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត

បាងកក៖ ទិន្នន័យរបស់អង្គការមូលនិធិកុមារ UNICEF នៅថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា កុមារជាង ២៤៣លាននាក់នៅទូទាំងតំបន់ប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា ត្រូវបានគេប៉ាន់ប្រមាណថា នឹងរងផលប៉ះពាល់ដោយរលកកំដៅដ៏ក្តៅ ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងជំងឺ និងការស្លាប់ដែលអាចកើតមាន។

ក្រុមការងារតាមដានពិភពលោកបានព្រមានថា ឆ្នាំ២០២៤នេះ កំពុងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា ដោយផ្អែកលើអាកាសធាតុក្តៅខ្លាំង និងការកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ជាការឆ្លើយតប អង្គការសហប្រជាជាតិបានចេញការព្រមាន ដោយអំពាវនាវឱ្យមានសកម្មភាពការពារជនងាយរងគ្រោះជាបន្ទាន់ ស្របពេលដែលសីតុណ្ហភាពកើនឡើងកំដៅខ្លាំង។

ប្រទេសជាច្រើននៅក្នុងតំបន់ បច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងពីរលកកំដៅដ៏ក្តៅក្នុងរដូវក្តៅ ជាមួយនឹងសីតុណ្ហភាពកើនឡើងជិតដល់ ឬលើសកម្រិតកំណត់ត្រា ៤០អង្សាសេ។ ជាក់ស្តែង សាលារៀនមួយចំនួននៅហ្វីលីពីន បានផ្អាកថ្នាក់រៀនផ្ទាល់ក្នុងខែមេសានេះ ដោយអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបាននិយាយថា សីតុណ្ហភាពអាចឈានដល់កម្រិតគ្រោះថ្នាក់ ពី ៤២ ទៅ ៤៣ អង្សាសេនៅក្នុងតំបន់មួយចំនួន។

រីឯនៅប្រទេសថៃ សីតុណ្ហភាពបានហក់ដល់ ៤៣.៥អង្សារសេ ត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើងនៃស្រុក Mae Hong Son កាលពីដើមសប្តាហ៍នេះ។ ចំណែកកាលពីខែកុម្ភៈ វៀតណាមបានស៊ូទ្រាំនឹងរលកកំដៅបិសាចនៅភាគខាងត្បូងនៃប្រទេសរបស់ខ្លួន នៅពេលដែលសីតុណ្ហភាពឡើងដល់ ៣៨អង្សាសេ។

សូមបញ្ជាក់ផងដែរថា មនុស្សប្រហែល ៤០នាក់បានបាត់បង់ជីវិត ព្រោះតែជំងឺដាច់សរសៃឈាមខួរក្បាលជារៀងរាល់ឆ្នាំ ដោយសារអាកាសធាតុក្តៅខ្លាំងពេក។ អង្គការសហប្រជាជាតិក៏បានព្យាករណ៍ដែរថា កុមារជាង ២ពាន់លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវរលកកម្ដៅនៅឆ្នាំ២០៥០ខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner