ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីថៃ

បាងកក៖ មិនសូវជាខុសពីកម្ពុជាប៉ុន្មាននោះទេ សម្រាប់បុណ្យចូលឆ្នាំថ្មីរបស់ថៃ។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ ជាទូទៅ គេតែងតែប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ជារៀងរាល់ឆ្នាំ។ ជាពិធីបុណ្យដ៏ល្បីល្បាញរបស់ប្រទេសថៃ មានប្រវត្តិដ៏សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ ដែលលាយបញ្ចូលគ្នានូវប្រពៃណីសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា និងប្រពៃណីថៃបុរាណ នេះបើតាម The Nation។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ គេអាចហៅម្យ៉ាងទៀតថា «បុណ្យប្រពៃណីនៃការបាញ់ទឹក» ដែលជានិមិត្តរូបនៃការសម្អាត និងការបន្សុត។ ធាតុទឹក ដែលមានសារៈសំខាន់ទាំងក្នុងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ ដូចជាការបូជាដល់អាទិទេព និងការលាងជម្រះអំពើបាប។ ផ្អែកតាមកាសែតថៃ The Nation ក្នុងសម័យ «អាណាចក្រខ្មែរ» ប្រជាជនបានងូតទឹក នៅក្រោមព្រះអាទិត្យ ដោយពួកគេជឿថា វាជួយសម្អាតព្រលឹងនៃកម្មផលអាក្រក់ជាដើម ដូច្នេះ ជំនឿនេះទំនងជាក្រោយមក បានសន្មត់ថា ធាតុទឹកគឺជាអ្វីដ៏សំខាន់បំផុត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ កាសែត The Nation បានចុះផ្សាយទៀតថា ពិធីបុណ្យចូលថ្មីរបស់ថៃ ត្រូវបានអនុម័តដោយអាណាចក្រខ្មែរ នៅប្រហែលសតវត្សទី១១។ ប្រជាជនថៃបានកំណត់ថ្ងៃបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៣ ខែមេសារហូតមក ប៉ុន្តែលុះដល់ឆ្នាំ១៨៨៩ ស្តេចជូឡាឡុងកន (រាមាទី៥) បានប្តូរកាលបរិច្ឆេទ ទៅជាថ្ងៃទី១ ខែមេសា។ យ៉ាងណាមិញ នៅឆ្នាំ ១៩៤១ ថ្ងៃចូលឆ្នាំ ត្រូវបានផ្លាស់ប្តូរទៅមកថ្ងៃទី១ ខែមករាវិញ ដោយរដ្ឋាភិបាលរបស់សេនាប្រមុខ Plaek Phibunsongkhram។

ក្រោយមកទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ថៃបានប្តូរទៅថ្ងៃទី១៣ ខែមេសា ហើយមានរយៈពេលបីថ្ងៃ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចូលឆ្នាំថ្មីរបស់ថៃ ជាពេលវេលាសម្រាប់ការគោរពដល់ចាស់ទុំ ប្រគេនចង្ហាន់ ឬ ទ័យទានផ្សេងៗដល់ព្រះសង្ឃ ព្រមទាំងរីករាយជាមួយអាហារ និងតន្ត្រីបែបប្រពៃណីផងដែរ ហើយសម្លៀកបំពាក់វិញ គេនិយមពាក់អាវផ្កាចម្រុះពណ៌ ទាំងបុរស នារី ប៉ុន្តែ នារីមានក្បិន ជាពិសេស ស្លៀកពេល លេងបាញ់ទឹកម្តងៗ។ ជុំវិញរឿងចម្រុះពណ៌នេះ ត្រូវបានអ្នកប្រាជ្ញខ្លះជឿថា មានឫសគល់នៅក្នុងពិធីបុណ្យហិណ្ឌូបុរាណមួយ ដែលសម្គាល់រដូវច្រូតកាត់ និងការមកដល់ នៃឆ្នាំថ្មី។

ពេលបុណ្យចូលឆ្នាំម្តងៗ មនុស្សរាប់លាននាក់ដែលសិក្សា ឬធ្វើការនៅក្រៅខេត្តរបស់ពួកគេ បានឆ្លៀតយកឱកាសនៃថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃ ដើម្បីធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសាររបស់ពួកគេ ដូចតែកម្ពុជាដែរ។ តាមពិត នៅប្រទេសថៃ «ថ្ងៃ១៤ ខែមេសា» ត្រូវបានគេហៅថា «ទិវាគ្រួសារ» ផងដែរ។ ដូច្នេះ រដ្ឋាភិបាលតែងតែពន្យារពេលឈប់សម្រាកមួយ ឬពីរថ្ងៃ ដោយបង្កើតឲ្យថ្ងៃចុងសប្តាហ៍រយៈពេលវែង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។ ប៉ុន្តែការធ្វើដំណើរទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត រួមនឹងការជប់លៀងក៏នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងជារៀងរាល់ឆ្នាំដែរ។ ពេលបុណ្យចូលឆ្នាំថ្មីម្តងៗ ប្រជាជនថៃក៏នាំគ្នាទៅវត្តអារ៉ាម ដើម្បីស្រោចទឹក ដូចប្រជាជនខ្មែរយើង ហៅថា ស្រង់ព្រះ ហើយមានទាំងការស្រង់លើឪពុកម្តាយ ជីដូនជីតា និងមនុស្សចាស់ដោយទឹកក្រអូប ដើម្បីសុំពរជ័យក្នុងឆ្នាំថ្មី ស្រដៀងនឹងខ្មែរយើងដែរ។

នៅហ្នឹងវត្ត ក៏មានពិធីពូនភ្នំខ្សាច់ស្រដៀងនឹងខ្មែរយើងដែរ ជាការពូនដើម្បីសុំឲ្យមានសំណាងល្អ មិនថា ជាតិនេះ ឬ ជាតិក្រោយ។ ប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនិក គេជឿថា ការអនុវត្តបែបនេះ នាំមកនូវភាពរុងរឿង ដោយសង្ឃឹមថា លុយហូរចូលហោប៉ៅ សមនឹងបរិមាណខ្សាច់ ដែលពួកគេពូនដែរ។
The Nation ក៏បានចុះផ្សាយអំពីប្រពៃណីមួយទៀត គឺការដោះលែងសត្វ ស្រដៀងនឹងខ្មែរយើង ដូចជាការប្រលែងសត្វចាប និងសត្វត្រីជាដើម។ ពួកគេបានទិញត្រី និងសត្វស្លាប ដែលអ្នកលក់ចាប់បាន ទៅប្រលែង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយសង្ឃឹមថា ទង្វើនៃមេត្តានេះនឹងលុបបំបាត់សំណាងអាក្រក់ ចេញពីជីវិតរបស់ពួកគេ។ ដូច្នេះហើយ បានជាមានការលើកឡើងថា បុណ្យចូលឆ្នាំថ្មីថៃ តាំងពីបុរាណ រហូតដល់សម័យទំនើប គឺបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសថៃ ការច្របាច់បញ្ជូលគ្នានូវទំនៀមទម្លាប់បុរាណ ជំនឿសាសនា និងការស្រលាញ់ជីវិត៕

ប្រភព៖ The Nation ប្រែសម្រួលដោយ៖ លន់ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner