ខ្មែរ-ហូឡង់ ដាក់ទុនពីរលានដុល្លារផលិតចង្ក្រានដុតអុសទំនើប គ្មានផ្សែង

ភ្នំពេញ៖ សហគ្រិនខ្មែរម្នាក់បានចាប់ដៃជាមួយបុរសជនជាតិហូឡង់ថ្មីៗនេះបានបោះទុនជាងពីរលានដុល្លារអាមេរិកបង្កើតរោងចក្រផលិតចង្ក្រាន ដុតអុសឬធ្យូង ទំនើបដោយមិនហុយផ្សែង មិនប៉ះពាល់សុខភាព និងបរិស្ថាន។ រោងចក្រនេះស្ថិតនៅខេត្តសៀមរាប និងកំពុងផលិតចង្ក្រានគ្មានផ្សែងប្រហែល១៥០គ្រឿងក្នុងមួយថ្ងៃ។

លោក សេង ចាន់វាសនា ប្រធាន​ផ្នែក​លក់របស់ក្រុមហ៊ុន ACE Energy Cambodia ដែលផ្តួចផ្តើមការផលិតនេះ បានប្រាប់ទូរទស្សន៍អប្សរាថា ចង្ក្រាននេះដែលត្រូវគេដាក់ឈ្មោះថា ចង្ក្រានបរិស្ថាន ត្រូវបានផលិតពីថ្មសេរ៉ាមិចស្រោបដោយដែកអ៊ីណុក និងមានបន្ទះថ្ម ឬ Power Bank នៅបាតចង្ក្រានដើម្បីអាចឲ្យចង្ក្រានបំលែងផ្សែង និងឧស្ម័នផ្សេងៗទៅជាអណ្តាតភ្លើង។ ការបំលែងនេះហើយជួយកាត់បន្ថយផ្សែងបាន ៩៥ភាគរយ និងសន្សំអុស និងធ្យូងបាន៦០ភាគរយ។

ជាបច្ចេកវិទ្យារបស់ប្រទេសហូល្លង់ ចង្ក្រាននេះមានតម្លៃ ១៤០ ដុល្លារ និងអាចប្រើបានពី៦ទៅ៧ឆ្នាំ។ ចង្ក្រាននេះភ្ជាប់មកជាមួយនូវផ្ទាំងសូឡា អុសបរិស្ថាន និងអំពូលភ្លើង ដែលអាចចល័តបានគ្រប់ទីកន្លែង។

លោក សេង ចាន់វាសនា លើកឡើងថា តម្លៃនេះអាចថ្លៃសម្រាប់អ្នកមិនធ្លាប់ប្រើ ប៉ុន្តែ បើគិតពីផលប្រយោជន៍គឺមានច្រើនណាស់ ក្រៅពីសន្សំអុស ធ្យូង ចង្ក្រាននេះកាត់បន្ថយការកើនកម្តៅភពផែនដី ដែលមួយផ្នែកបានពីចំហាយឧស្ម័នចេញពីការចំអិនអាហារ។

អ្នកស្រី រ៉ែន រីម រស់នៅភូមិពួកចាស់ ស្រុកពួក ខេត្តសៀមរាប បានប្រើចង្ក្រាននេះមួយរយៈហើយ។ ទោះបីតម្លៃខ្ពស់បន្តិច ប៉ុន្តែ អ្នកស្រីថា វាជួយសន្សំអុសនិងធ្យូងបានច្រើន ចំណេញពេលក្នុងការបង្កាត់ ឆេះបានល្អ និងក្តៅបានយូរ។ ជាពិសសេស គ្មានផ្សែងរំខានផ្លូវដង្ហើម។

មុនឈានដល់បង្កើតរោងចក្រ ក្រុមហ៊ុន ACE នេះបានចាប់ផ្តើមផលិតចង្ក្រានបរិស្ថានតាំងពីឆ្នាំ ២០២០មកម្ល៉េះ។ លោក សេងចាន់វាសនា ឲ្យដឹងថា មានប្រជាជនពីគ្រប់ខេត្តក្រុងទិញចង្ក្រាននេះ ក្នុងមួយខែ ប្រមាណពី២០០ទៅ៣០០ចង្ក្រាន មានន័យថា ការផលិត និងផ្គត់ផ្គង់មិនទាន់តម្រូវការ៕

ដោយ៖ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner