រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិធីពូនភ្នំខ្សាច់នៅវត្តរាជបូណ៌

សៀមរាប៖ នៅថ្ងៃចន្ទទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវារៈវន័បត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ
មន្រ្តីរាជការនៃមន្ទីរ អង្គភាពនានា បានប្រារព្ធពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនៅវត្តរាជបូណ៌ក្រុងសៀមរាប ដោយបានការនិមន្តយាងរបស់ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជា សម្តេចព្រះចៅអធិការវត្តរាជបូណ៌ខេត្តសៀមរាប។

ជាធម្មតា តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីតែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ ហើយក្នុងឱកាសចូលឆ្នាំថ្មីក៏មានពិធីពិធីសាសនាជាច្រើននៅតាមវត្តអារាមនានាផងដែរ ។ក្នុងនោះ ពិធីពូនភ្នំខ្សាច់ដែលគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឳ្យព្រះចូលាមនីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ដែលខ្មែរយើងតែងតែនិយមធ្វើជារៀងរាល់ពេលចូលឆ្នាំឬធ្វើក្នុងឱកាសពិធីផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ជាដើម ។
 សម្តេចព្រះព្រហ្មរតនមុនី ក៏បានមានថេរដីការដល់ឯកឧត្តមអភិបាលខេត្តសៀមរាប សូមឳ្យសង្ក្រាន្តឆ្នាំក្រោយរៀបចំនូវសម្លៀកបំពាក់បុរាណដូនតាខ្មែរយើង ក្នុងគោលដៅធ្វើការស្តារឡើងវិញ ពីវប្បធម៌ប្រពៃណីជាតិយើង ដើមី្បជៀសវាងនូវការចោទប្រកាន់ពីប្រទេសដទៃថា ចម្លងវប្បធម៌របស់គេ ៕
អត្ថបទនិងរូបៈស៊ាន សុផាត

ads banner