អ្នកលក់ក្រឡាន នៅភូមិខ្ចាស់ ខេត្តសៀមរាបរីករាយលក់ក្រឡាដាច់ នៅរដូវចូលឆ្នាំថ្មី

ខេត្តសៀមរាប៖ របរលក់ក្រឡានរបស់អ្នកស្រុកនៅភូមិខ្ចាស់ ក្នុងទឹកដីខេត្តសៀមរាប ដែលធ្លាប់តែស្ងប់ស្ងាត់ និងជួបផលលំបាកមួយចំនួនក្នុងការរកប្រាក់កម្រៃនោះ ប៉ុន្តែនារដូវចូលឆ្នាំថ្មីនេះបានប្រែមកកាក់កបប្រសើរឡើងវិញ ធ្វើឱ្យពួកគាត់សប្បាយចិត្តដោយមិនចង់ឱ្យឱកាសដ៏ល្អនេះកន្លងផុតដោយឆាប់រហ័សនោះឡើយ ។

គួរបញ្ជាក់ថា របរលក់ក្រឡាន នៅដងផ្លូវជាតិលេខ៦A ស្ថិតនៅត្រង់ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប គឺជាទីល្បីល្បាញលក់ក្រឡានជាច្រើនឆ្នាំមកហើយ ។ ទីកន្លែងនេះអ្នកធ្វើដំណើរទីជិតឆ្ងាយ តែងឈប់សម្រាកដើម្បីភ្លក្ស ឬ ទិញផ្ញើ ញាតិមិត្តបងប្អូននៅឯផ្ទះបានបរិភោគ ។

អ្នកស្រី ហៀងកញ្ញា អ្នកលក់ក្រឡាននៅដងផ្លូវជាតិលេខ៦A នេះ ដែលកំពុងដុតក្រឡានលក់ជាមួយនឹងទឹកមុខរីករាយ រាក់ទាក់បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃមកនេះ ពិធីបុណ្យចូលឆ្នាំខ្មែរ អ្នកស្រីលក់ដាច់គួរសម ដោយក្នុងមួយថ្ងៃលក់ដាច់ក្រឡានអស់ចាប់ពី ១០គីឡូក្រាមឡើងទៅ ។ អ្នកដើរកម្សាន្តទីជិតឆ្ងាយតែងឈប់ទិញក្រឡាជាហូរហែធ្វើឱ្យអ្នកស្រីសប្បាយចិត្តជាពន់ពេក ។

អ្នកស្រី បន្តថា”ខ្ញុំបានប្រកបមុខរបរដុតក្រឡានលក់តាំងតែមួយតូប ពីរតូបដំបូង ឥឡូវនេះលក់សឹងរាប់រយតូប ឃើញថាលក់គ្នាច្រើនទៅធ្វើឱ្យបាត់ចំណូល និងផ្គួបផ្សំពេលនេះខ្សត់អ្នកទិញផងធ្វើឱ្យជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលច្រើនជាងមុន” ។

ជាមួយគ្នានេះ អ្នកស្រី យុទ្ធវ័ង ដែលជាអ្នកលក់ក្រឡានក្នុងភូមខ្ចាស់នេះដែរ បានប្រាប់ឱ្យដឹងថា អ្នកស្រីលក់នៅដើមទីគេ សម្រាប់អ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ម្ល៉ោះហើយធ្វើឱ្យពុំសូវដាច់ច្រើនឡើយ ។ ក្នុងរដូវចូលឆ្នាំនេះទោះលក់ពុំសូវដាច់ដូចអ្នកដទៃតែអ្នកស្រីនៅអាចលក់ក្រឡានអស់អង្ករជាង ១០គីឡូក្រាមដែរ។

អ្នកស្រី ឱ្យដឹងផងថា”សម្រាប់តម្លៃក្រឡាគឺទៅតាមទំហំតូចធំ មានតម្លៃមួយដើម២ពាន់រៀល ២៥០០០រៀល ,៣០០០រៀលនិងក្រឡានធំតម្លៃ ៣៥០០រៀល”។

អ្នកស្រី ស្ងួន ម៉ុច អ្នកលក់ក្រឡាមួយរូបទៀតនៅភូមិខ្ចាស់នេះបានសំណូមពរឱ្យអតិថិជន ដែលធ្វើដំណើរទីជិតឆ្ងាយជួយទិញក្រឡានរបស់ពួកគាត់ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់កុំខាន ។ ទោះបីយ៉ាងណាអ្នកស្រីបានលើកឡើងដែរថាកន្លងមកមានអតិថិជន ខ្លះមិនហ៊ានចូលទិញដោយសារខ្លាចក្រឡាននៅសល់ទិញទៅបរិភោគមិនកើត តែអ្នកស្រីសំណូមពរឱ្យអ្នកធ្វើដំណើរភ្លក្សមើលសិនមុននឹងទិញពីព្រោះក្រឡានពួកគាត់ភាគច្រើនសុទ្ធតែល្អៗ ហើយរស់ជាតិក៏ឆ្ងាញ់ថែមទៀត ។

ដោយឡែក អ្នកស្រី ស្ងួន អន អ្នកដុតក្រឡានជើងចាស់មួយរូបបានប្រាប់ថា ការដុតក្រឡាប្រើពេលយ៉ាងតិច ២ម៉ោងទើបឆ្អិនល្អ ហើយអាចលក់បាន ដោយក្នុងនេះនៅពេលសកបំពង់ឫស្សីដុតដំបូងប្រើពេល ១ម៉ោងកន្លះ ហើយឆ្អើរកន្លះម៉ោងទៀតសរុប ២ម៉ោងទើបអាចលក់បាន។

ស្រ្តីដែលប្រកបរបរដុតក្រឡានលក់មិនតិចជាង២០ឆ្នាំមកនេះបន្តថា”កាលពីមុនលក់ក្នុងមួយថ្ងៃអស់អង្ករ១០០គីឡូក្រាម តែបច្ចុប្បន្នលក់បានក្នុងមួយថ្ងៃអង្ករបានត្រឹមតែ ១០គីឡូក្រាមប៉ុណ្ណោះ ។ សម្រាប់ចូលឆ្នាំនេះខ្ញុំអាចលក់បានក្នុងមួយថ្ងៃអស់អង្ករប្រមាណ ២០គីឡូក្រាមដែរ”។

គួរបញ្ចាក់ថា ក្រឡានជាអាហារបស់ខ្មែរយើង ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ដោយក្នុងសម័យដើមគេដុតក្រឡានតាមផ្ទះទុកគ្រាន់ហូបជាលក្ខណៈគ្រួសារ ឬផ្ញើសាច់ជាតិក្នុងថ្ងៃបុណ្យទានជាដើម ។ ក្នុងសម័យនោះ នៅពេលចាស់ទុំ បុរាណ ចង់ដុតក្រឡានតែងដើររកកាប់ដើមឫស្សី ដែលមានបំពង់ប្រហោងធំៗ យកមកធ្វើក្រឡាន។ សម្រាប់គ្រឿងផ្សំរបស់ «នំក្រឡាន» មានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្តួច ដោយយកស្លឹកចេក ឬស្រកីដូងធ្វើឆ្នុក ហើយបន្ទាប់មក គេដុតក្នុងចង្ក្រានធ្វើពីរបាដែក ។ ចំពោះរយៈពេល នៃការដុតក្រឡានចាប់ពី២ម៉ោងឡើងទៅ ដោយអាស្រ័យទៅលើទំហំបំពង់ឬស្សីធំ ឬតូចជាដើម ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner