មួកស្លឹកត្នោតបានក្លាយជាទីពេញនិយមប្រើប្រាស់នៅតំបន់ប្រាសាទអង្គរនារដូវចូលឆ្នាំថ្មី

(ខេត្តសៀមរាប)៖ មួកស្លឹកត្នោតជាមួកដែលចាស់បុរាណខ្មែរបានចេះកែច្នៃពីស្លឹកត្នោតប្រើប្រាស់តាំងតែពីបុរាណកាលមក និងវាក៏ជាអត្តសញ្ញាណមួយរបស់ខ្មែរនោះ នៅតែពេញនិយមប្រើប្រាស់នារដូវចូលឆ្នាំថ្មី និងថ្ងៃទូទៅនៅប្រាសាទអង្គរវត្ត ក៏ដូចជាតំបន់ទេសចរណ៍ដទៃទៀតនៅ ខេត្តសៀមរាប ។

មួកស្លឹកត្នោតមិនត្រឹមតែជារបស់កែច្នៃពីធម្មជាតិរបស់ដូនតាខ្មែរទេ តែវានៅមានតម្លៃថោកសមរម្យ ហើយអ្វីដែលកាន់តែពិសេសនោះគឺវាអាចជួយការពារកម្តៅថ្ងៃបានយ៉ាងល្អ ពិសេស រដូវក្តៅនាបុណ្យចូលឆ្នាំនេះតែម្តង ។

ពលរដ្ឋកម្ពុជា ឬសូម្បីជនបរទេសនៅតែឱ្យតម្លៃមួក ស្លឹកត្នោតដែលពេលបានប្រើពាក់ហើយគឺបានទទួលអារម្មណ៍ជាអត្តសញ្ញាណជាតិ ជារបស់ដូនតាខ្មែរ។មួកប្រភេទនេះមិនត្រឹមតែពាក់ហើយប្រើជាប់ទេ តែនៅពេលប្រើបាំងកំដៅថ្ងៃនៅជួយឱ្យមិនក្តៅខ្លាំងថែមទៀត ។

អ្នកស្រី គង់ មុំ អ្នកលក់មួកស្លឹកត្នោតម្នាក់នៅខាងមុខប្រាសាទ អង្គរវត្ត បានឱ្យដឹងថា៖មួកស្លឹកត្នោតខ្មែរនៅតែពេញនិយមក្នុងស្រទាប់ពលរដ្ឋខ្មែរក្នុងការប្រើបាំងកំដៅថ្ងៃ។មានពលរដ្ឋខ្មែរជាច្រើនបានជ្រើសរើសប្រើមួកស្លឹកត្នោតជាងមួកប្រភេទផលិតពីបរទេសដទៃទៀត ។

ស្រ្តីរូបនេះបានប្រាប់ថា៖តាមរយៈការលក់មួកស្លឹកត្នោតនេះបានជួយឱ្យអ្នកស្រីអាចរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារអស់កាលជាច្រើនឆ្នាំមកហើយ។ដោយក្នុងនេះបើជាថ្ងៃធម្មតាអ្នកស្រីអាចលក់បានចាប់ពី ២០ទៅ ៤០មួក ។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះវិញ អ្នកស្រីអាចលក់បានចាប់ពី ៥០មួកឡើងទៅជិត ១០០មួកក៏មាន ។ សម្រាប់មួកស្លឹកត្នោតនេះមិនត្រឹមតែពេញនិយមក្នុងស្រទាប់ពលរដ្ឋខ្មែរទេ សូម្បីតែភ្ញៀវបរទេសក៏និយមប្រើមួកស្លឹកត្នោតនេះផងដែរ ។ មានជនបរទេសមិនតិចទេដែលបានទិញមួកស្លឹកត្នោតទៅប្រទេសរបស់ពួកគេទុកជាអនុស្សាវរីយ៍ ។

កុមារា ជាតិ ប៊យ ដែលនៅទំនេរពីការសិក្សា ហើយបានឆ្លៀតពេលលក់មួកស្លឹកត្នោតខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីនេះបានឱ្យដឹងថា ក្នុងមួយថ្ងៃរូបគេអាចលក់មួកស្លឹកត្នោតខ្មែរបាន ៥០ទៅ ៧០មួកដែលអាចរកប្រាក់កម្រៃសម្រាប់ជួយដល់គ្រួសារផងដែរ ។ មួកស្លឹកត្នោតមានការនិយមប្រើប្រាស់ទូទៅ តែដោយសារមានអ្នកលក់ច្រើនទើបធ្វើឱ្យរូបខ្លួនលក់មិនបានច្រើនដូចកាលពីមុនទេ។

ទាក់ទិននឹងការប្រើប្រាស់មួកស្លឹកត្នោតនេះដែរ លោក ភឿន ផល្លី ដែលកំពុងពាក់មួកស្លឹកត្នោតដើរកម្សាន្តនៅបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា ៖ រូបលោកស្រឡាញ់មួកខ្មែរ ។ មួយស្លឹកត្នោតជារបស់ដូនតាខ្មែរយើង ហេតុនេះរូបលោកនៅតែស្រឡាញ់ចូលចិត្តប្រើប្រាស់របស់ខ្មែរបុរាណជានិច្ច ។

បុរសរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖”យើងគួរជួយគាំទ្ររបស់ខ្មែរយើងដែលប្រើដោយដៃ ។ កាលបើយើងបានទិញមួកស្លឹកត្នោត ក្រៅពីជួយគាំទ្រផលិតផលខ្មែរហើយ នៅជួយដល់ពួកគាត់ឱ្យមានការងារធ្វើទៀតផង” ។

លើកឡើងប្រហាក់ប្រហែលគ្នានេះលោក សន ដេន ដែលបានចូលមកកម្សាន្តប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤បានឱ្យដឹងថា រូបលោកមិនត្រឹមតែជួយគាំទ្រមួកស្លឹកត្នោតខ្មែរទេ សូម្បីតែផលិតផលដទៃទៀតដែលកើតចេញពីស្នាដៃបុរាណខ្មែរយើងក៏លោកនិយមប្រើប្រាស់ដូចគ្នា ។ ខ្មែរយើងត្រូវឱ្យតម្លៃ និងគាំទ្ររបស់ដូនតាយើងដើម្បីរួមគ្នាអភិរក្សតទៅថ្ងៃខាងមុខឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់និងរួមគ្នាថែរក្សាឱ្យបានយូរអង្វែងរៀងរហូត ។

គួរបញ្ជាក់ថា ដើមត្នោតគឺជាអត្តសញ្ញាណ នៃ ទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅជានិច្ច ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចមកហើយកាលពីឆ្នាំ២០០៥ ។ ដើមត្នោតត្រូវបានពលរដ្ឋខ្មែរចេះកែច្នៃ និង ប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយ ប្រើជាប្រយោជន៍ច្រើនយ៉ាង តាំងពីគល់រហូតដល់ស្លឹក មានជាអាទិ៍ ដើមត្នោតត្រូវគេប្រើធ្វើទូក ធ្វើផ្ទះ ផ្លែត្នោតទុំ ឬខ្ចីប្រើសម្រាប់ធ្វើនំឬបង្អែម គមត្នោតត្រូវប្រើធ្វើជាបន្លែសម្ល, ទឹកប្រើធ្វើជាស្ករ និង ស្លឹកប្រើធ្វើជា មួក កន្ទេល ផ្លិត គ្រឿងវេចខ្ចប់ ប្រើធ្វើដំបូលផ្ទះនិង ធ្វើជញ្ជាំងផ្ទះជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner