ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជិត ១៤មុឺននាក់

ព្រះវិហារ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងបរទេសចំនួន ១៣៥,២០៨នាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តភាគខាងជើងប្រទេសមួយនេះ។ក្នុងនោះភ្ញៀវជាតិចំនួន១៣៥,០៧៩នាក់ និងភ្ញៀវបរទេសចំនួន១២៩នាក់ ។ភ្ញៀវបានមកទស្សនាកម្សាន្តនៅតាមទីតាំងសង្រ្កាន្តឆ្នាំថ្មី និងនៅតាមរមណីយដ្ឋាននានាដែលជាគោលដៅទេសចរណ៍។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងបរទេស ដែលធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះវិហារ ក្រៅពីទីតាំងសង្ក្រាន្តដែលរដ្ឋបាលខេត្តបានរៀបចំសម្រាប់ប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំជាតិខ្មែរ ភ្ញៀវទេសចរក៏អាចទៅកម្សានតនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តដូចជា ប្រាសាទព្រះវិហារ ភ្នំត្បែងមានជ័យ ប្រាសាទកោះកេរ ទឹកធ្លាក់ព្រះនិម្មិត ឬតំបន់ទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត ។
ជាការកត់សម្គាល់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ ខេត្តព្រះវិហារ បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានការកែលម្អទីតាំងសំខាន់ៗមួយចំនួនដូចជា រង្វង់មូលព្រះនរាយណ៍ បុស្បុកតម្កល់រូបសំណាកលោកតាឌី ផ្សាររាត្រីផាប់ស្ទ្រីត តាមផ្លូវសំខាន់ៗមួយចំនួន។ ក្នុងអំលុងពេលនេះដែរ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ នៅក្នុងទីប្រជុំជនខេត្ត ក៏ដូចជាទីប្រជុំជនតាមក្រុង ស្រុក ទាំងប្រាំបីត្រូវបានពង្រឹងដោយពុំមានបញ្ហាអាក្រក់ណាមួយកើតឡើងឡើយ។
នៅថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ និងមន្រ្តីរាជការព្រមទាំងប្រជាពលរដ្ឋបានរៀបចំពីធីស្រង់ព្រះ ។ដោយឡែកនៅតំបន់ត្រជាក់ចិត្ត ក្នុងបរិវេណសាលាខេត្ត និងតំបន់ផាប់ស្រ្ទីត គេសង្កេតឃើញប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត មានចំនួនកើនឡើងទ្វេដង ដោយទឹកមុខសប្បាយរីករាយក្រៃលែង៕
ដោយៈសួន លីណា

ads banner