បុណ្យចូលឆ្នាំបួនថ្ងៃខេត្តបន្ទាយមានជ័យស្រូបបានភ្ញៀវជាតិ និងអន្តរជាតិជិត៩០ម៉ឺននាក់

បន្ទាយមានជ័យ ៖ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលបួនថ្ងៃចាប់ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យក៏ជាខេត្តទាក់ទាញទេសចរជាតិ អន្តរជាតិ ក្បែរមួយលាននាក់ ខណៈដែលនៅខេត្តនេះតំបន់ខ្លះការកម្សាន្តនៅបន្តរហូតដល់ចុងសប្ដាហ៍នេះ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឳ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេលបួនថ្ងៃមានប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្តរជាតិចំនួន៨៦២ ១៦២នាក់ បានមកកម្សាន្តសង្រ្កាន្តបន្ទាយមានជ័យ និងទៅទស្សនារមណីយដ្ឋាននានានៅក្នុងខេត្ត ។ក្នុងចំណោមភ្ញៀវដែលមកកាន់ខេត្តបន្ទាយ មានជ័យ ក្នុងនោះភ្ញៀវបរទេសចំនួន ៣ ៣៧៤នាក់ ដែលភាគច្រើនជា ជនជាតិ ចិន ថៃ ឥណ្ឌូនេស៊ី និងមកពីអឺរ៉ុប ។

លោកប្រធានមន្ទីរទេសចរណបញ្ជាក់ថា ផ្អែកតាមស្ថិតិភ្ញៀវឆ្នាំ២០២៤នេះ បានការកើនឡើង ១១៨,៨០%ធៀបទៅនឹងឆ្នាំ២០២៣ ។
លោកប្រធានមន្ទីរបន្តថា ប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងបរទេស ក្រៅពីទស្សនាកម្សាន្តនៅកន្លែងប្រារព្ធសង្ក្រាន្ត ភ្ញៀវក៏អាចទៅលេងនៅសួនធម្មជាតិ កែច្នៃនិងរមណីយដ្ឋានប្រវត្តិសាស្ត្រ នានាដូចជា អាងទឹកត្រពាំងថ្ម អាងទឹកជើងគ្រុះ និងបារាយណ៍មេបុណ្យ ,ប្រាសាទបន្ទាយឆ្មារ ជាដើម។
សូមជម្រាបថា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបួនថ្ងៃដែលទើបបញ្ចប់កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសចំនួនជាង២១លាននាក់។ ក្នុងនោះទេសចរបរទេសជាង១១ ម៉ឺននាក់៕
ដោយៈគៀន ច័ន្ទហ៊ីន

ads banner