អំពើហិង្សាក្នុងគ្រួសារនាំមុខនៅប្រាំឆ្នាំចុងក្រោយ ស្ត្រីខ្មែរបន្តរងគ្រោះ

ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សានៅក្នុងប្រទេសកម្ពុជាមានជាហូរហែ ប៉ុន្តែក្រសួងកិច្ចការនារីបានរាយការណ៍ថា បញ្ហាប្រឈមនៅតែគួរឱ្យព្រួយបារម្ភ។ ជាង ៣ ៦០០ ករណីហិង្សាត្រូវបានរកឃើញរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ហើយជិតពាក់កណ្តាលគឺជាអំពើហិង្សាក្នុងគ្រួសារ ,៣៥ភាគរយទៀតជាករណីរំលោភសេពសន្ថវៈ និងមានតិចតួចជាករណីជួញដូរមនុស្ស។ ក្នុងចំណោមអំពើហិង្សាទាំងនេះ ស្ត្រីនៅតែជាជនរងគ្រោះ។ នេះបើយោងតាមរបាយការណ៍​​ក្នុង​ផែន​ការ​យុទ្ឋសាស្រ្ត​​នារីរតនៈទី៦របស់​ក្រសួង​កិច្ច​ការ​នារីដែលទើបចេញផ្សាយនាពេលថ្មីៗនេះ។

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​កិច្ច​ការ​នារី ​​​បាន​ប្រាប់ទូរទស្សន៍​អប្សរាថា មានការលេចឡើងនូវរូបភាពថ្មីៗនៃអំពើហិង្សា និងការកេងប្រវញ្ចលើស្ត្រីនិងកុមារ។ លោកជំទាវថា ​បញ្ហានេះ​បាន​ដាក់​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដល់​គ្រួសារ និងបាន​ជះឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់សីលធម៌​សង្គម តម្លៃស្រ្តី និង គ្រួសារខ្មែរ។

របាយការណ៍របស់ក្រសួងកិច្ចការនារីដដែលបង្ហាញផងដែរថា ស្ត្រីនិងក្មេងស្រីរងគ្រោះពីករណីហិង្សាចំនួន ៣​០៤៥ ករណីទទួលបានការគាំពារ និងសេវាផ្នែកច្បាប់។ ក្នុងយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តពីឆ្នាំនេះដល់ឆ្នាំ ២០២៨ ក្រសួងកិច្ចការនារីរំពឹងថានឹងលើក​កម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាពអង់​អាច​ដល់ស្រ្តីនៅ​កម្ពុជា។ សេវាជួយសង្គ្រោះស្ត្រីក្នុងអំពើហិង្សា មានសេវាជួយសង្គ្រោះផ្ទាល់នៅហ្នឹងកន្លែង និង សេវា​ជំនួយ​តាម​តាមទូរស័ព្ទ (Help Line ) ផងដែរ ។

ប៉ុន្តែ លោកស្រី ស្ដើង ភារ៉ុង នាយិកាអង្គការបន្ទាយស្រី​មើល​ឃើញថា នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់។ លោកស្រី ​ស្នើឱ្យ​រដ្ឋាភិបាល ​និង ​ក្រសួងកិច្ច​ការ​នារី ពង្រីកកញ្ចប់​ថវិកា​ដល់​សហគមន៍ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​ច្រើន ​ដើម្បីឆ្លើយ​តប​​នឹង​អំពើហិង្សាលើ យេនឌ៍រឱ្យបាន​ទាន់​មាន​ពេល​វេលា៕

ដោយ៖សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner