ល្មើសល្បឿន និងមិនគោរពសិទ្ធិ នៅតែជាឃាតករលើដងផ្លូវក្នុងថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ បួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានមនុស្ស ៣៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងរបួសជិត១០០នាក់។ យោង​តាមទិន្នន័យរបស់នាយកដ្ឋាននគរបាល​ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ និងការមិនគោរពសិទ្ធិនៅតែជាមូលហេតុចម្បងនៅពីក្រោយសោដនាដកម្មដ៏អាក្រក់នេះ។

របាយការណ៍​​នេះបានបង្ហាញថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍​ទាំង៦០ករណីនោះ មានល្មើសល្បឿនចំនួន ២២ករណី, មិនគោរពសិទ្ធិចំនួន ២៥ករណី, មិន​ប្រកាន់ស្តាំ បួនករណី, ជែងបីករណី, បត់គ្រោះថ្នាក់មួយករណី, ស្រវឹងបួនករណី និង​កត្តាយានយន្តមួយករណី។

លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការ​មូលនិធិបង្ការ​របួសអាស៊ី និយាយថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំនេះ គឺជា​តួលេខខ្ពស់។ លោក​កត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ​២០២៤មក ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជាចាប់ផ្តើម​កើន បើធៀបនឹងឆ្នាំមុនៗ។ លោកថា ការអប់រំ និងក្រើនរំលឹកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១៥០០នាក់បានស្លាប់នៅលើដងផ្លូវដោយគ្រោះថ្នាក់ចរាចរ។ ដើម្បីរឹតបណ្តឹងការអនុវត្តច្បាប់ និងទោសទណ្ឌ ក្រសួង​ម​ហាផ្ទៃ​កំពុងបង្កើត​ប្រព័ន្ឋ​ផ្ទុក​ទិន្នន័យបញ្ជីខ្មៅ ឬ Black List សម្រាប់កត់​ត្រាអ្នក​បើក​បរ​​ដែល​បង្ក​គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​​ឲ្យ​មាន​អ្នក​រង​របួស​ឬ​ស្លាប់៕​

ដោយ៖ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner