បន្ទាប់ពីបញ្ចប់បុណ្យចូលឆ្នាំៈ ពលករខ្មែរសម្រុកចាកចេញទៅបន្តការងារនៅប្រទេសថៃ

បន្ទាយមានជ័យៈដូចឆ្នាំកន្លងទៅដែរ ចាប់ពីថ្ងៃពុធទី១៧ ខែមេសា ពលករខ្មែរ រាប់ពាន់នាក់បានសម្រុកចាកចេញចូលទៅប្រទេសថៃវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ដោយក្តីសប្បាយរីករាយ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឳ្យដឹងថា បងប្អូនពលករខ្លះបានចាកចេញទៅប្រទសថៃវិញតាំងពីថ្ងៃទី១៥ ខែមេសាមកម៉្លេះ។លោកបន្តថា រយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី១៥មកដល់ថ្ងៃទី១៧ ខែមេសាពលករមកពីបណ្ដាខេត្តនានាចូលទៅប្រទេសថៃវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន៦ ៨៧០នាក់ ក្នុងនោះស្ត្រី ៣ ៣៧៨នាក់និងកុមារ១៣ នាក់ ។
ចំនួនពលករខ្មែរស្របច្បាប់ត្រឡប់ប្រទេសថៃនឹងកើនឡើងទៀតបន្ទាប់ចាប់ពីថ្ងៃទី២២ ខែមេសាដែលជាការបញ្ចប់ចូលឆ្នាំនៅប្រទេសថៃ។នេះបើតាមលោកអភិបាលរងខេត្តបញ្ជាក់បន្ថែម។

ជាមួយនឹងការចាកចេញរបស់ពលករខ្មែរ មន្ត្រីរដ្ឋបាលខេត្ត ក្រុង និងសមត្ថកិច្ចខ្មែរនៅព្រំដែន ក៏បានយកចិត្តទុកដាក់ផ្តល់អាហារសម្រន់ព្រមទាំងជួយសម្របសម្រួលបែបបទផងដែរ។
ចំណែក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានរំលឹកពីចំនួនពលករខ្មែរដែលបានវិលមកពីប្រទេសថៃចូលមកស្រុកកំណើតវិញកាលមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិតាមច្រទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន ៣៤ ៤៥១នាក់ ក្នុងនោះស្ត្រីន១៥ ៨៣៣នាក់ និងកុមារតូច ៦៩៥នាក់។ដូចនេះការចាកចេញពុំទាន់ច្រើននៅឡើយទេ៕
អត្ថបទនិងរូបភាពៈគៀន ច័ន្ទហ៊ីន

ads banner