អនុប្រធានទី១ រដ្ឋសភា៖ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជន និងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើន នៃទីក្រុង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាស្តីពី ចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូល នៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំអភិវឌ្ឍកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍ថា «សិក្ខាសាលាស្តីពីវិស័យទឹកនៅកម្ពុជា» ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិសម្រាប់និរន្តរភាព និងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទ នៃវិបត្តិអាកាសធាតុ» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើង ដោយកត្តាសំខាន់ៗដូចជា ការកើនឡើង នៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹល នៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច ទាំងប្រទេសធំ ទាំងកម្រិតរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យទឹក នៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែម អំពីបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីជំរុញការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទឹកទៅតាមស្ថានភាពតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះ អង្គសិក្ខាសាលាអាចពិចារណាដាក់ចេញអនុសាសន៍ ឬបង្កើតផែនទីចង្អុលផ្លូវ (roadmap) មួយ សម្រាប់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹង កិច្ចសហប្រតិបត្តិការក្នុងស្មារតី នៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក ការគ្រប់គ្រង ទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹង អាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភានិងសភា។

សូមជម្រាបថា អង្គសិក្ខាសាលាស្តីពី ចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំឡើងនាឱកាសនេះ មានការអញ្ជើញចូលរួមពីតំណាងមកពី រដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋបាលរាជធានី-ខេត្ត និងវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ក្រុមប្រឹក្សា ទឹកអាស៊ី, សាជីវកម្ម ធនធានទឹកកូរ៉េ (K-water), ស្ថានទូតកូរ៉េប្រចាំកម្ពុជា, អង្គការ KOICA, និងធនាគារ KEXIM៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner