ក្រុមហ៊ុនដំឡើងរថយន្តក្នុងស្រុកប្រជែងទីផ្សារ ទម្លាក់តម្លៃឡាន ៥ ០០០ដុល្លារ

ភ្នំពេញ៖ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ២០២៤នេះ សន្ទុះនៃការប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្តនៅប្រទេសកម្ពុជាបានហក់ឡើង។ ក្រុមហ៊ុនដំឡើងរថយន្តចំនួនបួនក្នុងចំណោមក្រុមហ៊ុនទាំងប្រាំបួនដែលបានបោះទីតាំងនៅខ្មែរ ផ្គុំរថយន្តបានបានជិត ៥ ០០០គ្រឿង ដែលមានតម្លៃសរុជាង ១៣៣ លានដុល្លារអាមេរិក។ នៅចំពោះមុខស្ថានភាពសេដ្ឋកិច្ចតឹងតែងផង ក្រុមហ៊ុនទាំងនេះប្រឹងជែងយកទីផ្សារដែលធ្វើឱ្យយានយន្តកាន់តែមានតម្លៃសមរម្យសម្រាប់ទីផ្សារក្នុងស្រុក។

ក្រុមហ៊ុនទាំងបួននោះ គឺ HGB Motors Assembly ដំឡើងរថយន្ត Kia, RMA Automotive Cambodia ដំឡើងរថយន្ត Ford, Camko Motor Company ដំឡើងរថយន្ត Hyundai និង Daehan Motors Cambodia ដំឡើងរថយន្ត Ssangyong។ ក្រុមហ៊ុនទាំងនេះនាំមុខគេក្នុងការប្រកួតប្រជែង និងកំពុងលក់រថយន្តក្នុងតម្លៃទាបជាងរថយន្តនាំចូលរហូតដល់៥ ០០០ដុល្លារក្នុងមួយគ្រឿង។

ក្រុមហ៊ុនរថយន្ត Ford ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ ដំឡើងបានរថយន្តច្រើនជាងគេរហូតដល់៤២៤៨គ្រឿង កាលពីឆ្នាំ២០២៣។ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford បានឲ្យទូរទស្សន៍អប្សរាដឹងថា លោកបញ្ចុះតម្លៃពី ៤០០០ដុល្លារ ឬ៥០០០ដុល្លារក្នុងមួយគ្រឿងទៅតាមប្រភេទរថយន្តដែលមានតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារឡើង។ ការបញ្ចុះតម្លៃនេះជួយឲ្យ Ford លក់បាន៧៥ភាគរយហើយនៃឡានដែលបានដំឡើងរួច ដែលមានម៉ូដែល Ford Ranger Wiltrak និង Ford Everest។

ប៉ុន្តែ សម្រាប់អ្នកសេដ្ឋកិច្ច តម្លៃរថយន្តដំឡើងក្នុងស្រុកនៅតែខ្ពស់។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាតម្លៃនេះគឺទាបជាងរថយន្តនាំចូលយ៉ាងហោចមួយម៉ឺនដុល្លារ។

លោកបន្តថា «ខ្ញុំនៅតែយល់ថា តម្លៃនេះនៅតែខ្ពស់ ទោះជាមានតម្លៃទាបជាង ៥ ០០០ក៏ដោយ ប្រសិនបើថ្លៃរថយន្តនេះ ទាបជាតម្លៃរថយន្តនាំចូល ១០ ០០០ ទៅ ១៥ ០០០ដុល្លារ នោះបានទើបយើងហៅថា រថយន្តដែលសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយជារោងចក្ររថយន្តដែលដំឡើងរថយន្តហើយ មានឧត្ដមភាពនៅក្នុងការប្រកួតប្រជែង ផងដែរ»។

ក៏ប៉ុន្តែ សហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា លើកឡើងថា ដោយសារតែគ្រឿងបង្គុំរថយន្តភាគច្រើន នៅតែនាំចូលពីក្រៅប្រទេស ដែលធ្វើឲ្យថ្លៃដើមនៃការដំឡើងនៅតែខ្ពស់។

ឯកឧត្ដម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ទូរទស្សន៍អប្សរាថា រដ្ឋាភិបាលកំពុងរៀបចំយន្តការបន្ថែមទៀតដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តថ្មីដែលដំឡើងក្នុងស្រុក ដើម្បីជួយកាត់បន្ថយការបំពលុលបរិស្ថាន និងសន្សំសន្ចៃថវិកាផ្ទាល់ខ្លួន។ លោករំពឹងថា តម្លៃរថយន្តដំឡើងក្នុងស្រុកនៅឆ្នាំ២០២៤នេះ នឹងកាន់តែទាប។

យោងតាម លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា លើកឡើងថា កម្ពុជា ត្រូវការរថយន្តថ្មីប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ កម្ពុជារំពឹងថា អាចផលិតរថយន្តបានដោយខ្លួនឯងនៅចន្លោះឆ្នាំ ២០៤០-២០៤៥។ នៅឆ្នាំ ២០២៣ កម្ពុជាបាននាំចេញគ្រឿងបង្គុំរថយន្តបានប្រមាណជាង ២០០លានដុល្លារ និងគ្រឿងអេឡិចត្រូនិកមានតម្លៃជាង ៩០០លានដុល្លារអាមេរិក៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner